ជាតិ
បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ដែលមានតម្លៃជិត១០លានដុល្លារ 
×![]()
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នេះ បើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយនៅផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលនឹងជួយសម្រួល ក៏ដូចជាការរំដោះការកកស្ទះចរាចរណ៍។
ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។
ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។
បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាស៥ហើយកំពុងដំណើរការក្នុងនោះ មានស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»។
ខណៈស្ពានអាកាសផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវ ទើបដំណើរការការដ្ឋានសាងសង់ អនាគាតស្ពានអាកាសមួយទៀតនៅរង្វង់មូលចោមចៅឈានជិតសម្រេចដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ ដោយនៅសល់តែប្រមាណ១០ភាគរយទៀតប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com