អន្តរជាតិ
ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង៖ យន្តការដោះស្រាយជម្លោះ ដែលចំណាយពេលចរចាយ៉ាងយូរ
31, Jan 2022 , 9:59 pm        
រូបភាព
កិច្ចប្រជុំពិសេសអាស៊ាន-ចិន។ រូបភាព៖ AFP
កិច្ចប្រជុំពិសេសអាស៊ាន-ចិន។ រូបភាព៖ AFP
សមុទ្រចិនខាងត្បូង គឺជាដែនទឹកមួយ ដែលត្រូវបានបណ្តាប្រទេសជាច្រើនដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាមទាមទារ ក្រោមហេតុផលប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ ជម្លោះបានបន្តជាច្រើនទសវត្សរ៍ ខណៈដំណោះស្រាយដ៏ជាក់លាក់លើដែនទឹកមួយនេះ នៅតែមិនទាន់មានឡើយ បើទោះភាគីជម្លោះទាំងអស់ បានខិតខំធ្វើឱ្យលេចឡើងជារូបរាងក៏ដោយ។ កន្លងមក ចិន និងអាស៊ាន បានខិតខំពិភាក្សាលើក្រមសមុទ្រចិនខាងត្បូង និងសន្យាធ្វើឱ្យយន្តការដោះស្រាយជម្លោះមួយនេះ លេចជារូបរាងឡើងត្រឹមឆ្នាំ២០២២ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។ 



ចាប់ផ្តើមពីឆ្នាំ១៩៩៦  រដ្ឋមន្រ្តីការបរទេសអាស៊ាន បានរៀបចំជំនួបមួយនៅក្នុងទីក្រុងហ្សាការតា ដើម្បីគាំទ្រពីគំនិតរៀបចំក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋាននៃស្ថិរភាព និងការយោគយល់រយៈពេលវែងនៅក្នុងតំបន់។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីចិនបានគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹក Mischief ដែលមានចម្ងាយត្រឹមតែ ២០៩គីឡូម៉ែត្រប៉ុណ្ណោះពីហ្វីលីពីន។ 
 
ចាប់តាំងពីពេលនោះមក អាស៊ាន និងចិន បានបង្កើតការឯកភាពគ្នាជាច្រើន ក្នុងនោះមានដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅក្នុងឆ្នាំ ២០០២, សេចក្តីណែនាំលើការប្រតិបត្តិនៃសេចក្តីថ្លែងការណ៍ នៅឆ្នាំ២០១១, គម្រោងសម្រាប់ក្រមប្រតិបត្តិ ក្នុងឆ្នាំ២០១៧ និងសេចក្តីព្រាងការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Single Draft Negotiating Text) ក្នុងឆ្នាំ ២០១៨។ 
 
នៅក្នុងឆ្នាំ ២០១៣ អាស៊ាន និងចិន បានចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការលើកដំបូងលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ស្របពេលបណ្តាប្រទេសអាស៊ាន តែងមានជម្លោះ និងដាក់ការតវ៉ាជាញឹកញាប់ជុំវិញដែនទឹកជម្លោះនោះ។ 
 
បន្ទាប់ពីសេចក្តីព្រាងការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវបានប្រកាសក្នុងខែសីហា ឆ្នាំ២០១៨ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងជាឯកតោភាគីថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវបញ្ចប់ក្នុងរយៈពេល ៣ឆ្នាំ បើទោះចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន តែងប៉ះពាក្យសម្តីគ្នាជុំវិញ ការកាន់កាប់ដែនទឹកនេះ ក៏ដោយ។ តាមកិច្ចព្រមព្រៀងក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ចិន និងអាស៊ាន បានឯកភាពសម្រេចបញ្ចប់ការចរចាក្រមប្រតិបត្តិរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩។ 
 
យ៉ាងណាក៏ដោយ កិច្ចចរចាលើក្រមប្រតិបត្តិមួយនេះ ត្រូវផ្អាកបណ្តោះអាសន្ន បន្ទាប់ពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅចុងឆ្នាំ ២០១៩។ ហេតុផលនៃការផ្អាកនោះ ធ្វើឡើងដោយសារមន្រ្តីជំនាញ មិនអាចជួបពិភាក្សាតាមប្រព័ន្ធវីដេអូបាន។ កន្លងមក សមាជិកអាស៊ាន និងចិន បានជំរុញឱ្យកិច្ចចរចាក្រមប្រតិបត្តិ ចាប់ផ្តើមឡើងវិញជាញឹកញាប់ នៅក្នុងកិច្ចប្រជុំអាស៊ានតាមប្រព័ន្ធវីដេអូ។  
 
រហូតដល់ខែមិថុនា ឆ្នាំ២០២១ បណ្តាសមាជិកអាស៊ាន និងចិន បានជួបគ្នាឡើងវិញ ដើម្បីពិភាក្សាពី COC នៅក្រុង Chongqing។ ជំនួបនេះ បានបញ្ចប់ និងទទួលបានលទ្ធផលមួយចំនួន ដោយភាគីទាំងអស់ បានឯកភាពរៀបចំកិច្ចពិភាក្សាលើកទីពីរ លើសេចក្តីព្រាងចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងតែមួយ (Single Draft COC Negotiating Text)។ 
 
ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង គឺជាយន្តការដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង រវាងបណ្តាប្រទេសអាស៊ាន និងចិន ដើម្បីរក្សាស្ថិរភាព និងសន្តិភាព រួមទាំងបង្ការការប៉ះទង្គិច រវាងរដ្ឋមួយចំនួននៅក្នុងតំបន់។ ក្រមប្រតិបត្តិមួយនេះ នឹងមានលក្ខណៈចាប់បង្ខំ ដើម្បីឱ្យភាគីទាំងអស់គោរពតាមវិធាន ដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះ។ 
 
ហេតុផលដែលចិន និងអាស៊ាន សម្រេចជ្រើសយកក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ជាយន្តការដោះស្រាយជម្លោះ គឺដោយសារតែវាជាការកសាងទំនុកចិត្ត និងការគ្រប់គ្រងវិបត្តិ ស្របពេលអាស៊ាន និងចិន មានទំហំពាណិជ្ជកម្ម និងគម្រោងវិនិយោគជាច្រើនពាន់លានដុល្លារ ក៏ដូចជាការបង្ហាញការប្តេជ្ញារបស់ចិន ក្នុងការថែរក្សាស្ថិរភាព នៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសសមុទ្រចិនខាងត្បូង។ ជាក់ស្តែង គម្រោងផ្លូវ និងខ្សែរក្រវាត់ចិន នៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿង កំពង់ផែ រោងចក្រ និងវិស័យសំខាន់ៗជាច្រើនទៀត។ 
 
ស្របគ្នានេះ ការជ្រើសយកក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង អាចជាផ្នែកមួយនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាស៊ាន ស្របពេលភាគីទាំងពីរ ស្ថិតក្នុងឋានៈជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នឹងជួយឱ្យចិន និងអាស៊ាន អាចធ្វើការកាន់តែជិតស្និទ្ធជាងមុន និងបង្កើនកិច្ចសហប្រតិបត្តិការ ខណៈពេលមហាអំណាចក្រៅតំបន់ កំពុងតែខិតចូលជិតអាស៊ាន ដែលជាតំបន់យុទ្ធសាស្រ្ត និងមានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំ។ 
 
មិនតែប៉ុណ្ណោះ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក៏បានបង្ការមហាអំណាចក្រៅតំបន់ ពិសេសអាម៉េរិក ចូលមកជ្រៀតជ្រែកជម្លោះ រវាងបណ្តាប្រទេសអាស៊ាន និងចិនផងដែរ។ កន្លងមក រដ្ឋបាលអាម៉េរិក បានបង្ហាញជំហរយ៉ាងច្បាស់ថា ក្រុងវ៉ាស៊ីនតោន នឹងជ្រើសយកអាស៊ាន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ប្រសិនបើក្រមប្រតិបត្តិចូលជាធរមាន ចិន និងបណ្តាប្រទេសអាស៊ាន អាចដោះស្រាយជម្លោះជាមួយគ្នាដោយផ្ទាល់ ដោយមិនតម្រូវឱ្យមានការលូកដៃ ពីសំណាក់មហាអំណាចក្រៅតំបន់ឡើយ។ 
 
មូលហេតុអ្វីបានជាការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងត្រូវចំណាយពេលយូរ?
 
នៅក្នុងឆ្នាំ២០១៣ អាស៊ាន និងចិន បានចាប់ផ្តើមកិច្ចចរចា លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ មកទល់ពេលនេះ វាមានរយៈពេលជិត ១០ឆ្នាំហើយ ដែលការចរចាលើក្រមប្រតិបត្តិនៅតែមិនទាន់បានបញ្ចប់។ ទន្ទឹមនេះ ជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ បានពន្យារពេលចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងបន្ថែមទៀត ដោយសារអ្នកជំនាញរបស់បណ្តាប្រទេសទាំងអស់ មិនអាចជួបគ្នាតាមប្រព័ន្ធវីដេអូ រហូតដល់ខែមិថុនា ឆ្នាំ២០២១ ទើបភាគីទាំងអស់ជួបគ្នាឡើងវិញ។ 
 
វាមានហេតុផលចំនួន៣ ដែលកិច្ចចរចា ដើម្បីបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវប្រើរយៈពេលយូរ ក្នុងនោះមានដូចជាការខ្វែងគំនិត របស់ភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង, សេចក្តីសម្រេចរបស់មជ្ឈត្តការតុលាការអន្តរជាតិ និងនីតិវិធីក្នុងការដោះស្រាយជម្លោះជាដើម។ 
 
 
ជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺជាវិវាទដ៏ស្មុគស្មាញមួយ ដោយមានប្រទេសពាក់ព័ន្ធរហូតដល់ទៅ៥ ដូចជា ចិន វៀតណាម ព្រុយណេ ហ្វលីពីន និងម៉ាឡេស៊ី។ បញ្ហានេះ បានធ្វើឱ្យប្រទេសនីមួយៗ ទាមទារដែនទឹករៀងៗខ្លួន ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ តួយ៉ាង ចិន បានទាមទារដែនទឹកប្រមាណ៩០ភាគរយ ដែលជាន់លើដែនទឹកប្រទេសផ្សេងទៀត។ ចំណែកខ្លះ ត្រូវបានទាមទារដោយ៤ភាគីឯណោះ ខណៈដែនទឹកខ្លះទៀត ទាមទារដោយភាគីចំនួន ៣ ឬ ២ភាគី។ 
 
ជាក់ស្តែង ដែនទឹកនៅក្បែរប្រជុំកោះស្ពាតលី (Spratly Islands) ត្រូវបានទាមទារដោយចិន ព្រុយណេ វៀតណាម និងម៉ាឡេស៊ី។ បញ្ហានេះ បានធ្វើឱ្យប្រទេសនីមួយៗពិបាក និងស្មុគស្មាញដោះស្រាយ លើដែនទឹកតួ្រតទាំងនោះ។ បញ្ហានេះកាន់តែពិបាក នៅពេលបណ្តាប្រទេសអាស៊ានចរចាជាមួយចិន លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ 
 
ទន្ទឹមនេះ តុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) នៅក្នុងឆ្នាំ២០១៦ បានច្រានចោលយុត្តាធិការចិន លើការទាមទារ «ចំណុច ៩ត្រេ»។ សេចក្តីសម្រេចរបស់ក៏បាន អះអាង​ដែរថាគ្មានកោះណាមួយ ក្នុងបណ្តាកោះ Spratly អាចបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ឬខ្ពង់រាបបាតសមុទ្រ (Continental Shelf) ឡើយ។ បន្ថែមពីនេះ សេចក្តីសម្រេច ក៏រកឃើញ​ថាសកម្មភាពមួយចំនួនធំរបស់ចិន ក្នុងសមុទ្រចិនខាងត្បូងមិនស្របច្បាប់ ដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដូចជាការអនុវត្តច្បាប់ និងការបំផ្លិចបំផ្លាញបរិស្ថាន។ សេចក្តីសម្រេចនេះ អាចចាត់ទុកជាឧបករណ៍អន្តរជាតិមួយ ប៉ុន្តែកន្លងមកត្រូវបានចិនបដិសេធក្នុងការទទួលស្គាល់ និងមិនទទួលស្គាល់យុត្តាធិការ។ 
 
ក្នុងន័យនេះ ប្រទេសមួយចំនួន ដូចជាវៀតណាម និងហ្វីលីពីនជាដើម អាចស្នើឱ្យបញ្ចូលសេចក្តីសម្រេចនោះ ទៅក្នុងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ ការដាក់បញ្ចូលលិខិតូបករណ៍ អាចត្រូវចិនបដិសេធ និងធ្វើឱ្យកិច្ចចរចាត្រូវប្រើរយៈពេលយូរបន្តទៀត នៅក្នុងដំណាក់កាលធ្វើសេចក្តីព្រាង។
 
បន្ទាប់ពីបញ្ហាខាងលើ នីតិវីធីក្នុងការដោះស្រាយវិវាទ ក៏ពិបាកផងដែរ។ ក្នុងនីតិវិធីនោះ សមាជិកអាស៊ាន និងចិន ត្រូវសម្រេច ថាតើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង គួរតែត្រូវជ្រើសរើសតុលាការអន្តរជាតិមួយណា ដែលមានយុត្តាធិការដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង ឬត្រូវបង្កើតតុលាការតំបន់ថ្មីមួយ សម្រាប់តែដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ ការតាក់តែងសេចក្តីព្រាង អាជ្ញាធរចាប់បង្ខំ និងបញ្ហាមួយចំនួនទៀត ក៏ជាបញ្ហាក្នុងកិច្ចចរចា របស់មន្រ្តីជំនាញផងដែរ៕ 
 

Tag:
 ចិន
  អាស៊ាន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com