កីឡាអន្តរជាតិ
អន្តរជាតិ
បំបែកកំណត់ត្រា! Nadal ឈ្នះពាន Grand Slamទី២១ ឈរពីលើ FedererនិងDjokovic
31, Jan 2022 , 4:59 pm        
រូបភាព
Rafael Nadal បំបែកកំណត់ត្រាជាកីឡាករវាយកូនបាល់ឈ្នះពានរង្វាន់ Grand Slam ច្រើនជាងគេ គឺ២១លើកបន្ទាប់ឈ្នះ Australian Open ឆ្នាំ២០២២។



កីឡាករសញ្ជាតិអេស្បា៉ញ Rafael Nadal បានផ្ដួលកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី៣០ ខែមករា ដោយលទ្ធផល៣សិតទល់២សិត ខណៈ Medvedev នាំមុខពីរសិតមុនទៅហើយ។ Nadal បានយកឈ្នះដោយវាយបក៣សិតជាប់ៗគ្នាដោយពិន្ទុ ២-៦ ៦-៧ ៦-៤ ៦-៤ និង ៧-៥ នាទីលានប្រកួត Rod Laver Arena។
 
អវត្តមានគូប្រជែងខ្លាំងៗមាន Novak Djokovic និង Roger Federer ជាការផ្តល់ឱកាសដល់កីឡាករ Rafael Nadal ដណ្ដើមយកពានរង្វាន់ Grand Slam លើកទី២១ក្នុងអាជីពរបស់ខ្លួន។
 
«នេះជាការប្រកួតដ៏រំជួលចិត្តមួយសម្រាប់អាជីពវាយកូនបាល់របស់ខ្ញុំ។ វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយថ្ងៃនេះខ្ញុំបានឈរនៅមុខអ្នកគាំទ្រគ្រប់គ្នាជាមួយពានរង្វាន់ Grand Slam ជាមួយខ្ញុំ។»Nadal បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ក្រោយឈ្នះ Australian Open លើកនេះទៀត កីឡាករវ័យ ៣៥បានក្លាយជាកីឡាករដំបូងគេដែលបានឈ្នះពានរង្វាន់នេះច្រើនជាងគេក្នុងពិភពលោករហូតដល់ទៅ២១លើក។ 
កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ឈ្នះ Grand Slam ២០ លើកនិង Roger Federer ឈ្នះ២០លើកដូចគ្នា៕
 

Tag:
 Australian Open
  Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com