កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត Eriksen រកបានក្លិបលេងហើយ ក្រោយ Brentford ចុះកិច្ចសន្យា៦ខែ
31, Jan 2022 , 5:48 pm        
រូបភាព
 
Brentford បានចុះកិច្ចព្រមព្រៀងយកខ្សែបម្រើ Christian Eriksen ទៅរួមក្រុមក្នុងកិច្ចសន្យារយៈពេល៦ខែ បើទោះអតីតកីឡាករ Inter Milan រូបនេះ ធ្លាប់មានបញ្ហាបេះដូងក្តី។


ខ្សែបម្រើអន្តរជាតិដាណឺម៉ាក វ័យ២៩ឆ្នាំ បានដួលសន្លប់ក្នុងទីលានដោយសារបញ្ហាបេះដូង អំឡុងការប្រកួតទល់ហ្វាំឡង់នៃពានរង្វាន់ Euro 2020។ Eriksen មិនបានលេងចាប់តាំង ពីខែមិថុនា ឆ្នាំ២០២១មក។

បន្ទាប់ពីមានបញ្ហាបេះដូង Eriksen ត្រូវបានក្លិប Inter Milan បញ្ចប់កិច្ចសន្យាកាលពីខែធ្នូដោយសារច្បាប់នៅ Serie A មិនអនុញ្ញាតឱ្យកីឡាកររូបណាដែលមានបញ្ហាជំងឺ ជាពិសេសបេះដូងលេងនៅក្របខណ្ឌខ្លួនឡើយ។

យ៉ាងណាក៏ដោយ អតីតខ្សែបម្រើ Tottenham Hotspur រូបនេះ ត្រូវបាន Brentford សម្រេចយកទៅចួលរួមក្រុមសម្រាប់រដូវកាល ២០២១-២២ ដែលនៅសល់ ដ្បិត Premier League មិនកំណត់ច្បាប់ដូច Serie A។

លោក Thomas Frank អ្នកចាត់ការទូទៅ Brentford បង្ហាញក្តីរីករាយ ក្រោយយកបាន Eriksen ទៅជួយក្រុម។ អ្នកចាត់ការសញ្ជាតិដាណឺម៉ាករូបនេះ រៀបរាប់ថា៖ «យើងអាចចាប់យកឱកាសមិនគួរឱ្យជឿ ក្នុងការនាំយកកីឡាករលំដាប់ពិភពលោកមក Brentford»។

មុនពេលទៅចូលរួមជាមួយ Brentford ខ្សែបម្រើ Eriksen បានចាប់ផ្តើមហ្វឹកហាត់ជាមួយអតីតក្លិប Ajax Amsterdam នៅហូឡង់ ដើម្បីពង្រឹងកាយសម្បទា ក្នុងការបន្តអាជីពបាល់ទាត់របស់ទាំងក្លិប និងក្រុមជម្រើសជាតិដាណឺម៉ាកនៅ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា៕


Tag:
 Christian Eriksen
© រក្សាសិទ្ធិដោយ thmeythmey.com