កីឡាអន្តរជាតិ
អន្តរជាតិ
ថ្ងៃទិញដូរកីឡាចុងក្រោយ៖ Lampard, Alli និង De Beek ទៅ Everton ឯ Aubameyang ទៅ Barca
01, Feb 2022 , 11:10 am        
រូបភាព
ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើក​ទី​២​ ក្នុង​ក្របខណ្ឌ Premier League សម្រាប់​រដូវ​កាល ២០១-២២ បិទទ្វារ​នៅវេលា​ម៉ោង​១២ និង​០០​នាទី​យប់​ថ្ងៃទី៣១ ខែមករា ចូលថ្ងៃទី១ ខែកុម្ភៈ​។ នៅ​ថ្ងៃ​ចុងក្រោយ​នេះ Tottenham Hotspurs, Everton និង Newcastle United ជាដើម បានធ្វើការ​យ៉ាងខ្លាំង​ដើម្បី​ចរចា​លក់ចេញ និងនាំចូល​កីឡាករ​បន្ថែម​។


Everton បានតែងតាំងលោក Frank Lampard ជាអ្នកចាត់ការទូទៅថ្មីជំនួសលោក Rafael Benítez ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ។ មិនត្រឹមទទួលបានអតីតគ្រូ Chelsea ជាអ្នកចាត់ការនោះទេ Everton អាចយកបានខ្សែបម្រើពីររូបថែមទៀតនៅថ្ងៃទីផ្សារដោះដូរកីឡាករចុងក្រោយ។
 
Everton បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចី Van de Beek ពី Manchester United ហើយ Dele Alli ក៏ក្រុមរហស្សនាមស្កគ្រាប់ទិញយកពី Spurs ផងដែរ ក្នុងតម្លៃប្រមាណ៥៣លានដុល្លារអាម៉េរិក។
 
ចំណែក Spurs ​វិញ ​បើទោះពួកគេបញ្ចេញកីឡាមួយចំនួននៅអំឡុងទីផ្សារលើកទី២នេះ ប៉ុន្តែអ្នកចាត់ការទូទៅលោក Antonio Conte ក៏បាននាំចូលកីឡាករពីររូបពី Juventus ផងដែររួមមាន Dejan Kulusevski ក្នុងលក្ខខណ្ឌខ្ចីជើង និង Rodrigo Bentancur ក្នុងតម្លៃ១៨លានដុល្លារ។
 
Pierre-Emerick Aubameyang ត្រូវបាន Arsenal អនុញ្ញាតឱ្យចាកចេញទៅចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃផ្ទេរ។ ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុង វ័យ៣២ឆ្នាំរូបនេះ មានបញ្ហាខ្លះជាមួយក្រុមរហស្សនាមកាំភ្លើងធំនៅរយៈពេលចុងក្រោយនេះ។
 
ការដោះដូរផ្សេងទៀតនៅយប់ចុងក្រោយក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសមានដូចជា៖
- Luke Plange ផ្ទេរពី Derby ទៅ Crystal Palace មិនបង្ហាញតម្លៃ
- Jean-Philippe Mateta ពី Mainz 05 ទៅ Crystal Palace មិនបង្ហាញតម្លៃ
- Dan Burn ចេញពី Brighton ទៅ Newcastle ក្នុងតម្លៃ ១៤,៥លានដុល្លារ
- Deniz Undav ពី Royale Union Saint-Gilloise ទៅ Brighton មិនបង្ហាញតម្លៃ
- Matt Targett ពី Aston Villa ទៅ Newcastle ខ្ចីជើង
- Julian Alvarez ពី River Plate ទៅ Manchester City ក្នុងតម្លៃ១៦លានដុល្លារ៕
 
 

Tag:
 Deadline Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com