ជាតិ
រថយន្ត
សេដ្ឋកិច្ច
គម្រោងផ្លូវដឹកជញ្ជូនតាមទឹកពីភ្នំពេញទៅកែប ជួយឱ្យកម្ពុជាធ្វើពាណិជ្ជកម្មមិនពឹងខ្លាំងលើផែវៀតណាម
02, Feb 2022 , 6:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ ហ្វេសប៊ុកក្រសួង
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ ហ្វេសប៊ុកក្រសួង
កម្ពុជា នឹងបង្កើតផ្លូវដឹកជញ្ជូនតាមផ្លូវទឹកត្រង់ ពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រ ខេត្តកែប។ តាមរយៈគម្រោងនេះ កម្ពុជាអាចដឹកជញ្ជូនទំនិញទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ លោក ស៊ុន ចាន់ថុល អះអាងថា ក្រសួងសាធារណការ នឹងពន្លឿនការសិក្សាលម្អិតពីផលប៉ះពាល់ និងចំណាយ លើគម្រោងនេះ។ អ្នកវិនិយោគក្នុងវិស័យដឹកជញ្ជូន បានសាទរចំពោះគម្រោងនេះ ដោយលើកឡើងថា វានឹងជួយកាត់បន្ថយថ្លៃដើមទំនិញបានយ៉ាងច្រើន ខណៈអ្នកសេដ្ឋកិច្ចយល់ថាគម្រោងនេះ មិនត្រឹមតែអាចកាត់បន្ថយការពឹងផ្អែកមួយផ្នែកលើកំពង់ផែប្រទេសវៀតណាមនោះទេ តែក៏ជាយុទ្ធសាស្ត្រជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

 
កម្ពុជា នឹងបង្កើតផ្លូវដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រ ខេត្តកែប។ គម្រោងនេះ ត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ នាឱកាស  បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅ។ លោកស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ៖«យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពី(ទន្លេ)បាសាក់ ទៅសមុទ្រត្រង់តែម្តង»។ 


លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា។ រូបថត៖ ហ្វេសប៊ុកសមាគម

បើតាម ស៊ុន ចាន់ថុល ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះ លេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះ មិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គ នោះទេ។ «យើងនឹងសិក្សាលម្អិត អំពីផលប៉ះពាល់ និងចំណាយ ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ។ 
 
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភាកម្មកម្ពុជា បានសាទរចំពោះគម្រោងបង្កើតផ្លូវដឹកជញ្ជូនត្រង់តាមផ្លូវទឹក ពីភ្នំពេញ ទៅកំពង់ផែសមុទ្រកែបនេះ ខណៈវិស័យភ័ស្តុភា និងដឹកជញ្ជូនតាមផ្លូវទឹក មានតម្រូវការយ៉ាងខ្លាំង។ លោក ស៊ិន ចន្ធី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនេះ នឹងចូលរួមកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានយ៉ាងច្រើន ក៏ដូចជានីតិវិធីនៅកំពង់ផែប្រទេសប្រទេសវៀតណាមដែរ។ «ការដឹកជញ្ជូនតាមផ្លូវទឹក មានការចំណេញច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោក អាច២ ទៅ៣ដង ឬ៥ដង ទៅតាមមធ្យោបាយ។ អ៊ីចឹងការដឹកជញ្ជូនតាមផ្លូវទឹក មានថ្លៃដើមទាបជាងផ្លូវគោកច្រើនណាស់។ ម្យាងទៀតការដឹកជញ្ជូនតាមផ្លូវទឹក មិនមានការខូចផ្លូវថ្នល់ មិនមានការស្ទះចរាចរណ៍អីទេ ផលចំណេញទាំងបរិស្ថាន ទាំងការចំណាយ និងការជួលជុលផ្លូវជាដើម»។ លោក ស៊ិន ចន្ធី បញ្ជាក់ដូច្នេះ។  
 
ជុំវិញគម្រោងនេះ លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា គម្រោងនេះនឹងជួយជំរុញបន្ថែមទៀត ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ខណៈដែលការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក នឹងក្លាយជាផ្លូវកាត់មួយ ឆ្ពោះទៅកំពង់ផែទឹកជ្រៅរបស់កម្ពុជា មានកំពង់ផែរាម នៅខេត្តព្រះសីហនុ និងកំពង់ផែនៅតំបន់តារាសាគរ ខេត្តកោះកុង។ 


លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នាពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នាអំឡុងខែមិថុនា ឆ្នាំ២០២០។ រូបថត៖ ហ្វេសប៊ុកមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា 

សម្រាប់លោក គី សេរីវឌ្ឍន៍ តាមរយៈគម្រោងនេះ កម្ពុជាក៏អាចកាត់បន្ថយបានខ្លះ នូវការប្រើប្រាស់កំពង់ផែប្រទេសវៀតណាម ខណៈបច្ចុប្បន្នការដឹកជញ្ជូនទំនិញចេញ-ចូលរបស់កម្ពុជា ទៅមកប្រទេសទី៣ ពឹងផ្អែកខ្លាំងលើកំពង់ផែប្រទេសវៀតណាម។ «កន្លងមកកម្ពុជា ពឹងផ្អែកស្ទើរទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម លើការដឹកជញ្ជូនទំនិញចេញ-ចូល ទៅអន្តរជាតិ។ ទោះមិនកាត់បន្ថយទាំងស្រុង តែយើងក៏អាចកាត់បន្ថយបានមួយផ្នែក ពីការប្រើប្រាស់កំពង់ផែប្រទេសវៀតណាម។ វាធ្វើឱ្យថ្លៃដើមដឹកជញ្ជូនទំនិញចេញចូលប្រទេសទាបជាងមុន ដែលនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច»។ នេះជាការបញ្ជាក់របសលោក គី សេរីវឌ្ឍន៍។  
 
បើតាមបណ្ឌិតសេដ្ឋកិច្ចដដែល នៅមុនជំងឺកូវីដ-១៩ រាតត្បាត ការចំណាយថ្លៃដើម លើការដឹកជញ្ជូនឆ្លងកាត់កំពង់ផែ ក្នុងមួយកុងទឺន័រមានតម្លៃ ១ ១០០ដុល្លារ។ ថ្លៃដើមនេះបានហក់ឡើងដល់ប្រមាណ ២ ០០០ដុល្លារក្នុងមួយកុងទឺន័រ នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ ប្រសិនបើផ្លូវដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីភ្នំពេញ ទៅកែបនេះ លេចចេញជារូបរាង ថ្លៃដើមនៃការដឹកជញ្ជូន នឹងអាចថយចុះមកនៅត្រឹម ៧០០-៨០០ដុល្លារក្នុងមួយកុងតឺន័រ។ លោក គី សេរីវឌ្ឍន៍ យល់ឃើញដូច្នេះ៕
 
 

Tag:
 ដឹកជញ្ជូន
 ផ្លូវទឹក
 កែប
 ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com