កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសហព័ន្ធវ៉ូវីណាម៖ វៀតណាម ពន្យារពេលធ្វើស៊ីហ្គេម ធ្វើឱ្យអត្តពលិកកម្ពុជាមានពេលហាត់គ្រប់គ្រាន់
02, Feb 2022 , 6:19 pm        
រូបភាព
រូបបិទការប្រកួតជើងឯកថ្នាក់ជាតិវ៉ូវីណាម រូបពី CAMSOC
រូបបិទការប្រកួតជើងឯកថ្នាក់ជាតិវ៉ូវីណាម រូបពី CAMSOC
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរួមចំណែកធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដោយមានការតាំងចិត្តយ៉ាងមុតមាំដើម្បីឈ្នះមេដាយមាសឱ្យបាន៩គ្រឿង។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អះអាងថា ការលើកពេលធ្វើស៊ីហ្គេមរបស់វៀតណាមមកធ្វើក្នុង ខែឧសភា ឆ្នាំ២០២២នេះ ធ្វើឱ្យកីឡាករកម្ពុជាមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ និងបំពេញសមត្ថភាពបន្ថែម។


ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ត្រូវរៀបចំក្នុងខែឧសភា ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីពន្យារពេលដោយសារជំងឺកូវីដ-១៩។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម អះអាងថា ការពន្យារពេលនេះ ជួយឱ្យកីឡាករកម្ពុជាមានពេលហ្វឹកហាត់ច្រើន។ 
 
«ការលើកពេលប្រកួតស៊ីហ្គេមនៅវៀតណាម ជាឱកាសល្អរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់កីឡាករ កីឡាការិនី ហើយក៏មានពេលបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស សម្រាប់ធ្វើស៊ីហ្គេមលើកទី៣២ ផងដែរ»។ លោក រតនា លើកឡើងបែបនេះក្នុងកិច្ចសម្ភាសមួយតាមទូរទស្សន៍ BTV រួចបន្តថា ក្នុងការត្រៀមខ្លួនប្រកួតស៊ីហ្គេមទាំង២ សហព័ន្ធត្រៀមខ្លួន បានច្រើន ទាំងកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួត ។
 
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ពីការព្រួយបារម្ភចំពោះការហ្វឹកហាត់ក្នុងបរិបទកូវីដ-១៩ ព្រោះខ្លាចសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិក ធ្លាក់ចុះ ដោយសារកីឡាករ និងកីឡាការិនី ត្រូវហ្វឹកហាត់តាមប្រព័ន្ធ Zoom ។ លោកបញ្ជាក់ថា ការហ្វឹកហាត់ ដែលមិនមានគ្រូបង្វឹកនៅជិត មិនមានភាពដិតដល់ទេ ។ 
 
បច្ចុប្បន្ន សហព័ន្ធ មានអត្ដពលិក ៣៣រូប ក្នុងនោះ កីឡាការិនី ១៥រូបត្រូវប្រមូលផ្ដុំ ហើយបិទខ្ទប់ដើម្បី ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រោមការគាំទ្រពីមជ្ឈមណ្ឌកីឡាជាតិ ។ 
 
ប្រធានសហព័ន្ធខាងលើបន្តទៀតថា ដើម្បីសម្រួចសមត្ថភាពបន្ថែមដល់កីឡាករ និងកីឡាការិនី សហព័ន្ធ នឹងរៀបចំការប្រកួតថ្នាក់ជាតិឲ្យបានច្រើន មុនព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ 
 
កីឡាវ៉ូវីណាមកម្ពុជា មានសក្ដានុពលខ្លាំង តាមរយៈការប្រកួតលើឆាកអន្ដរជាតិកន្លងមក ។ ជ័យលាភីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានក្នុង២០១៧ កម្ពុជា បានលេខ៣ ក្នុងចំណោមប្រទេសជិត៥០ នាការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ដោយទទួលបានមេដាយមាស៤ ប្រាក់៩ សំរិទ្ធ៩ ។ ចុងឆ្នាំ២០១៨ កម្ពុជា ដណ្ដើមបានមេដាយ មាស១១ ប្រាក់១១ សំរឹត១៤ ពីជើងឯកអាស៊ី នៅបាលី ប្រទេសឥណ្ឌូណេស៊ី ។ នៅឆ្នាំ២០១៩ ជើងឯកពិភពលោកលើកទី៤ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយមាស ៩ ប្រាក់១០ សំរឹទ្ធ១២ មានប្រទេសចូលរួម២៤ប្រទេស៕
 

Tag:
 វ៉ូវីណាម
  អ៊ូ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com