ជាតិ
បទសម្ភាសន៍
វីដេអូ
លោក អ៊ឹម សុខរិទ្ធី ៖ ជំនាញបុរាណវិទ្យា ប្រៀបដូចជាជំនាញស៊ើបអង្កេតរបស់ប៉ូលិសដែរ
03, Feb 2022 , 7:59 pm        
រូបភាព
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ រូបថត៖ ផាត ដាណេ
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ រូបថត៖ ផាត ដាណេ
សៀមរាប៖ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រៀបធៀបជំនាញបុរាណវិទ្យា ដូចនឹងការស៊ើបអង្កេតរឿងក្ដីរបស់ប៉ូលិស។ បើតាមលោក សុខរិទ្ធី ការសិក្សាពីវត្ថុបុរាណ ត្រូវប្រើការពិចារណា វិភាគ និងជីកកកាយ ដើម្បីវែកញែកពីប្រវត្តិវត្ថុបុរាណនីមួយៗ។

 
លោក អ៊ឹម សុខរិទ្ធី អតីតនិស្សិតបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រវត្តិសាស្រ្ត ពីមហាវិទ្យាល័យមួយនៅប្រទេសបារាំងផងដែរ។ ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៩ លោក អ៊ឹម សុខរិទ្ធី បានយកជំនាញ និងបទពិសោធខ្លួនពីបរទេសមកអនុវត្តការងារនៅអាជ្ញាធរជាតិអប្សរា។ 
 
បច្ចុប្បន្ន លោកមានតួនាទីជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។ រយៈពេលជាង២ទសវត្សរ៍នេះលោក អ៊ឹម សុខរិទ្ធី បានធ្វើការងារច្រើនពាក់ព័ន្ធនឹងការស្រាវជ្រាវ ជីកកកាយ ធ្វើកំណាយវត្ថុបុរាណ និងភស្តុតាងនានា នៅតំបន់អង្គរ។ ទន្ទឹមនឹងនេះ លោក ក៏បានអនុវត្តគម្រោងស្រាវជ្រាវផ្សេងៗដូចជា ផ្លូវគមនាគមន៍ចក្រភពខ្មែរ ឧស្សាហកម្មសម័យអង្គរ អរិយធម៌អង្គរ វិស័យអប់រំ និងសុខាភិបាលសម័យបុរាណ រួមទាំងចម្លាក់ និងគំនូរលើថ្មប្រាសាទអង្គរវត្ត និងភ្នំគូលែនផងដែរ។
 
បុរាណវិទូរូបនេះ បានប្រៀបធៀបជំនាញបុរាណវិទ្យា ដូចនឹងការស៊ើបអង្កេតរឿងក្ដីរបស់ប៉ូលិស។ លោក ពន្យល់ដូច្នេះថា៖«បុរាណវិទ្យា ដូចប៉ូលិសស៊ើបអង្កេតរឿងក្ដីមួយអ៊ីចឹង។ ព្រោះគេជីកដី រករបស់ក្នុងដី ហើយសំណល់នៅដីស្រទាប់ហ្នឹង មិនមែននិយាយប្រាប់យើងទេ។ អត់មានអក្សរសរសេរលើហ្នឹងទេ តែយើងយកមកគិតពិចារណា សិក្សា វែកញែកឱ្យបានវែងឆ្ងាយ ពីប្រភព ឬប្រវត្តិរបស់វត្ថុមួយនោះ»។ លោក បន្ថែមថា ការសិក្សាពីសម័យបុរាណ គឺត្រូវផ្អែកលើវិទ្យាសាស្រ្ត ដូច្នេះអ្នកស្រាវជ្រាវក៏ត្រូវមានចំណេះ ជំនាញផ្នែកវិទ្យាសាស្រ្តជាមូលដ្ឋានគ្រឹះដូចជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាផងដែរ។  
 
មិនតែប៉ុណ្ណោះ លោក សុខរិទ្ធី អះអាងថា ប្រាសាទអង្គរមានអាថ៍កំបាំងជាច្រើនទាំងអរិយធម៌ និងប្រវត្តិសាស្រ្ត។ ដ្បិតចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវតំបន់អង្គរ ប៉ុន្តែ លោកទើបតែស្គាល់ពីអង្គរប្រមាណ១០ ទៅ១៥ភាគរយប៉ុណ្ណោះ។ 
 
លោក បញ្ជាក់ថា៖«យើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ យើងរកឃើញរបស់ថ្មីជានិច្ច។ អង្គរមានរឿងច្រើន ហើយសម្រាប់អ្នកបុរាណវិទ្យាយើងជីកកាយ កាន់តែឃើញទៅៗ»។  លោក សុខរិទ្ធី បានលើកឡើងទៀតថា អង្គរគឺជាមន្ទីរពិសោធរបស់ពិភពលោក ដែលអាចឱ្យអ្នកស្រាវជ្រាវខ្មែរ និងបរទេសមកស្វែងយល់ ផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងអរិយធម៌ និងប្រវត្តិសាស្រ្តសំណង់បុរាណ៕
 
 
 
 
 
 

Tag:
 បុរាណវិទូ
 អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com