កីឡាអន្តរជាតិ
អន្តរជាតិ
អេហ្ស៊ីប ឡើងទៅដណ្តើមជើងឯកអាហ្រ្វិកជាមួយសេណេហ្កាល់នៅវគ្គផ្តាច់ព្រ័ត្រ
04, Feb 2022 , 10:00 am        
រូបភាព
អ្នកចាំទី Gabaski បានក្លាយជាវីរបុរស តាមរយៈការជួយសង្គ្រោះបាល់កាត់សេចក្តីប៉េណាល់ទីដល់ទៅ២គ្រាប់ដើម្បីនាំអេហ្ស៊ីបយកឈ្នះម្ចាស់ផ្ទះកាមេរូន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាហ្វ្រិក Africa Cup of Nations ទល់នឹងសេណេហ្កាល់។


ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែកុម្ភៈ អេហ្ស៊ីប និងកាមេរូនបានបញ្ចប់ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាសម្រាប់ម៉ោងផ្លូវការ៩០នាទី។ ក្រុមទាំងពីរបានឈានដល់វគ្គកាត់សេចក្តីប៉ណាល់ទី ហើយម្ចាស់ជើងឯកអាហ្រ្វ៊ិកច្រើនជាងគេអេហ្ស៊ីបបានយកឈ្នះក្នុងលទ្ធផល ៣-១។
 
ក្នុងការស៊ុតប៉េណាល់ទីនេះ អ្នកចាំទី Gabaski របស់អេហ្ស៊ីប ធ្វើបានយ៉ាងល្អដោយសង្គ្រោះបាល់ដល់ទៅពីរគ្រាប់ពីការទាត់របស់កីឡាករកាមេរូន និងមួយគ្រាប់ទៀតស៊ុតចេញក្រៅទីដោយខ្លួនឯង។
 
អេហ្ស៊ីប នឹងត្រូវឡើងការប្រជែងជើងឯក Africa Cup of Nations ឆ្នាំ២០២១ ជាមួយសេណេហ្កាល់ដែលបានទំលាក់បួគីណាហ្វាសូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាហ្រ្វិករវាងអេហ្ស៊ីបនិងសេណេហ្កាល់ មានន័យថាកីឡាករឆ្នើមរបស់ Liverpool ពីររូប Mohamed Salah និង Sadio Mane នឹងត្រូវប្រឈមមុខគ្នាផងដែរ។
 
សេណេហ្កាល់ មិនធ្លាប់ស្គាល់រសជាត់ពានអាហ្វ្រ៊ិកនេះឡើយ ស្របពេលអេហ្ស៊ីបកាន់កំណត់ត្រាឈ្នះច្រើនជាងគេដល់ទៅ៧សម័យ។ កាមេរូន ឈ្នះច្រើនជាងគេលំដាប់ទីពីរចំនួន៥លើក ហ្គាណា៤លើក នីហ្សេរីយ៉ា៣លើក រួមជាមួយកូដឌីវ័រ អាល់ហ្សេរី និងសាធារណរដ្ឋកុងហ្គោ ឈ្នះ២លើកដូចគ្នា។ សំប៊ី ស៊ូដង់ ទុយីស៊ី អេត្យូពី ម៉ារ៉ុក អាហ្វ្រ៊ិកខាងត្បូង និងកុងហ្គោ ឈ្នះមួយលើកដូចគ្នា។
 
ការប្រកួត Africa Cup of Nations 2021 វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ពោលគឺក្រោយជំនួបដណ្តើមយកចំណាត់ថ្នាក់លេខ៣រវាងបួគីណាហ្វាសូ និងកាមេរូន មួយថ្ងៃ៕
 

Tag:
 Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com