ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺក្បាល​ក្រោយ​ពិសាគ្រឿង​ស្រវឹង ហាម​ប្រើ​របស់​នេះ​ជាដាច់ខាត ក្រែង​ខូច​ថ្លើម និង​តម្រងនោម​
01, Aug 2023 , 10:59 pm        
រូបភាព
​មនុស្ស​មួយចំនួន​ឈឺក្បាល​បន្ទាប់ពី​ផឹកស្រា ដូច្នេះ​ពួកគេ​បាន​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ា​រ៉ា​សេ​តា​មុ​ល (Paracetamol)។ ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ព្រមាន​ថា អាកប្បកិរិយា​នេះ​មិន​ត្រឹមត្រូវ​ទេ​។

 
​គ្រឿង​ស្រវឹង​ គឺជា​ភេសជ្ជៈ​ដែល​មនុស្ស​សម័យនេះ​ជាច្រើន​នាក់​ មិនអាច​ខ្វះ​បាន​។ នៅពេល​ទទួលទាន​អាហារ ជួបជុំ​គ្រួសារ ឬ​មិត្តភក្តិ ពួកគេ​តែងតែ​ប្រើ​ស្រា និង​ស្រា​បៀរ ដើម្បី​ស្វាគមន៍​គ្នា​។
 
​មនុស្ស​ជាច្រើន​ឈឺក្បាល​បន្ទាប់ពី​ផឹកស្រា​។ មូលហេតុ​គឺ​ដោយសារ​អេតាណុល​ក្នុង​ជាតិ​អាល់កុល ​ធ្វើឱ្យ​រាងកាយ​បង្កើន​ទិន្នផល​ទឹកនោម ដោយ​រារាំង​អ័រម៉ូន antidiuretic ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក អា​សេ​តា​ល់​ដេ​អ៊ី​ត (acetaldehyde ) កើនឡើង សម្ពាធ​ឈាម​ថយចុះ ដោយសារ​សរសៃឈាម​ដែល​ផ្គត់ផ្គង់​ខួរក្បាល​រីក​ធំ​។​
 
​អេតាណុល​ក្នុង​គ្រឿង​ស្រវឹង​ ធ្វើឱ្យ​អ្នក​ប្រើ​នោម​ច្រើនជាង​ធម្មតា ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ច្រើន កាត់បន្ថយ​សម្ពាធ​ឈាម។ ដូច្នេះហើយ អ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង​ច្រើន​តែមាន​អារម្មណ៍​ស្រេកទឹក ដែល​អាច​នឹង​មានការ​វិលមុខ និង​ឈឺក្បាល​ស្រាល​។ ក្រៅពីនេះ ស្រា​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ រួមទាំង​សារធាតុ​ដែល​ចិញ្ចឹម​ខួរក្បាល និង​ធ្វើឱ្យ​ឈឺក្បាល។​
 
​ការស្រាវជ្រាវ​បង្ហាញថា ដរាបណា ​វា​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ចរន្តឈាម រាងកាយ​ចាប់ផ្តើម​ធ្វើការ​ ដើម្បី​បំបាត់​ជាតិ​អាល់កុល និង​ស្រា​បៀរ​ចេញ​។ ប្រហែល 10% ត្រូវបាន​បញ្ចេញ​តាមរយៈ​ញើស ទឹកនោម ខ្យល់​ដង្ហើម នៅសល់ 90% នឹងត្រូវ​បាន​ស្រូប និង​រំលាយ​នៅក្នុង​ថ្លើម​។ ប៉ុន្តែ​ថ្លើម​អាច​ដំណើរការ​បាន តែ​បរិមាណ​ជាក់លាក់​នៃ​ជាតិ​អាល់កុល​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។​
 
​ជាធម្មតា​បន្ទាប់ពី​ផឹកស្រា មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ងងុយគេង ចង់​ចូល​គេង​ភ្លាមៗ ប៉ុន្តែ​គេង​មិន​លក់​ស្រួល ហើយ​ងាយ​ភ្ញាក់​កណ្តាលយប់ ហើយ​មាន​អារម្មណ៍​អស់កម្លាំង ឈឺក្បាល​ពេល​ភ្ញាក់​។​
 
​បាតុភូត​នេះ​ច្រើនតែ​មិន​ស្រួល ហើយ​ជាពិសេស​ប៉ះពាល់​ដល់​ការងារ ដូច្នេះ​មនុស្ស​ជាច្រើន​ចង់​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​ព្រមាន​ថា នៅពេលដែល​អ្នក​ឈឺក្បាល​ដែល​បណ្តាលមកពី​ការផឹក​ស្រា អ្នក​មិនគួរ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ប៉ា​រ៉ា​សេ​តា​មុ​ល (​អា​សេ​តា​មី​ណូ​ហ្វេ​ន​) ជាដាច់ខាត ​ព្រោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ថ្លើម​ទ្វេដង​។​
 
​បរិមាណ​នៃ​ជាតិ​អាល់កុល និង​ស្រា​បៀរ​ដែល​ស្រូប​លើសពី​ធម្មតា ធ្វើឱ្យ​ថ្លើម​មិនអាច​ផលិត​អង់ស៊ីម​ គ្រប់គ្រាន់​សម្រាប់​រំលាយ​ជាតិ​អាល់កុល​បានទេ​។ នៅពេលនេះ ជាតិពុល​ដែល​បង្កើត​ចេញពី​ស្រា និង​ស្រា​បៀរ​នឹង​នៅ​ទ្រឹង​ក្នុង​រាងកាយ បំផ្លាញ​កោសិកា​ថ្លើម​ដោយផ្ទាល់ និង​ពុល​ដល់​សរីរាង្គ​ខាងក្នុង​ជាច្រើន ធ្វើឱ្យ​អស់កម្លាំង ឈឺក្បាល ចង្អោរ​… សូម្បីតែ​អ្នក​ក៏​អាច​ចូល​មន្ទីរពេទ្យ​បានដែរ ដោយសារតែ​អង់ស៊ីម​ថ្លើម​ខ្ពស់​, ជំងឺ​រលាក​ថ្លើម​ស្រួចស្រាវ ខ្សោយ​ថ្លើម​…​។​
 
​ជាងនេះទៅទៀត នៅក្នុង​គ្រឿងផ្សំ​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មាន​ហានិភ័យ​នៃ​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ ប្រសិនបើ​បំពាន​។​
 
​អ្នកជំនាញ​ព្រមាន​ថា សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ពិសា​គ្រឿង​ស្រវឹង គ្រាន់តែ​ប្រើ​កម្រិត​ធម្មតា​ក៏​អាច​ប៉ះពាល់​ដល់​ថ្លើម​ដែរ​។ ដូច្នេះហើយ ពេល​ឈឺក្បាល​ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង ឬ​ស្រា​បៀរ អ្នក​គួរតែ​រក​វិធី​ផ្សេងទៀត ​ដើម្បី​បំបាត់​ការឈឺចាប់ ដូច​ជាការ​ផឹកទឹក​ច្រើន​។ អ្នក​អាច​ផឹកទឹក​ពេញ​មួយ​កែវ​បន្ទាប់ពី​ផឹកស្រា​។ លើសពីនេះ អ្នក​អាច​ផឹកទឹក​ទំពាំងបាយជូរ ហុត​បបរ​រាវៗ ស៊ុប … ដើម្បី​បន្ថយ​កំហាប់​ជាតិ​អាល់កុល​ក្នុង​ឈាម​។ ជៀសវាង​ការផឹក​ភេសជ្ជៈ​ហ្គាស ព្រោះ​វា​នឹង​ព​ន្លឿ​ន​ការ​ស្រូប​យកជាតិ​អាល់កុល​ចូលទៅក្នុង​រាងកាយ​; ទទួលទាន​បបរ​រាវៗ ឬ​ស៊ុប​ក្តៅៗ ដើម្បី​បន្ថែម​អំបិល​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដើម្បី​ជួយ​ឱ្យ​រាងកាយ​ឆាប់​ជាសះស្បើយ​។
 
​ក្នុងករណី​ដែល​ការឈឺចាប់​ខ្លាំងពេក អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វេជ្ជបញ្ជា​។ ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ​អាចជា​ជម្រើស​នៅក្នុង​ករណី​ទាំងនេះ​។ ដាច់ខាត​មិនត្រូវ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ឡើយ ប្រសិនបើ​អ្នកប្រើប្រាស់​ថ្នាំ​ខុស កម្រិត​ថ្នាំ​ខុស ខណៈពេលដែល​អ្នក​បាន​ពិសា​គ្រឿង​ស្រវឹង​ច្រើនពេក វា​នឹង​ប៉ះពាល់​ដល់​សុខភាព ខូច​ថ្លើម និង​សរីរាង្គ​ផ្សេងៗ​ជាច្រើន​ក្នុង​រាងកាយ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com