កីឡាអន្តរជាតិ
អន្តរជាតិ
រុស្សីនឹងផ្តល់រង្វាន់ជាង៥ម៉ឺនដុល្លារ ដល់អ្នកឈ្នះមេដាយមាសអូឡាំពិកប៉េកាំង
04, Feb 2022 , 8:29 pm        
រូបភាព
អត្តពលិករុស្ស៊ីរូបណា ដែលអាចដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ នឹងទទួលបានប្រាក់រង្វាន់ ៥២,៤០០ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅថ្ងៃ៤ ខែកុម្ភៈ។


កីឡារដូវរងាឆ្នាំ ២០២២ ដែលចិនធ្វើម្ចាស់ផ្ទះ នឹងបើកការប្រកួតផ្លូវការនៅថ្ងៃទី៤ ខែកុម្ភៈនេះហើយ។ ម​ន្ត្រី បុគ្គលិក និងអត្តពលិកពីជុំវិញពិភពលោកបានទៅដល់ប៉េកាំងស្ទើទាំងអស់ហើយ ខណៈកីឡាមួយចំនួនក៏បានប្រកួតហើយខ្លះៗផងដែរ។
 
ស្របពេលគ្នានេះ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសពីចំនួនទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់អត្តលិកខ្លួនរូបណាដែលអាចដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡានេះ។
 
លោក Mishustin បានប្រកាសក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ចំណោមអត្តពលិករុស្ស៊ីដែលត្រូវបញ្ជូនទៅប៉េកាំងទាំ២១៥នាក់ រូបណាដែលដណ្តើមបានមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ ៥២,៤០០ ដុល្លារ មេដាយប្រាក់ ៣២,៨០០ ដុល្លារ និងសំរឹទ្ធនឹងទទួលបាន ២២,៣០០ ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
 
នាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបន្ថែមថា គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសដែលគាំទ្រអត្តពលិករុស្ស៊ីក៏នឹងទទួលបានប្រាក់រង្វាន់ផងដែរ។
 
«ប្រទេសទាំងមូលគាំទ្រអត្តពលិករបស់យើង ហើយយើងមានមោទកភាពចំពោះពួកគេ។ ក្នុងអំឡុងពេលប្រកួតជាង១៦ថ្ងៃ ប្រជាជនរបស់រុស្ស៊ីទាំងអស់សូមជូនពរឱ្យអត្តពលិករកបានជ័យជម្នះគ្រប់ៗគ្នា»។ លោក Mishustin លើកឡើងដូច្នេះ៕
 

Tag:
 Beijing 2022
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com