ជាតិ
លោក ឆាយហុង ដើរឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជាចម្ងាយ៥០គីឡូម៉ែត្រ ត្រឹម៣ថ្ងៃ
× លោក ហេង ឆាយហុង ទេសចរផ្សងព្រេងមួយរូប បានដើរឡើងភ្នំខ្ពស់ជាងគេរបស់កម្ពុជាចំនួន៣ភ្នំជាប់គ្នា ក្នុងរយៈពេល៣ថ្ងៃ។ ដំណើរផ្សងព្រេងចម្ងាយប្រមាណ៥០គីឡូម៉ែត្រនេះ លោក ឆាយហុង ជាអ្នករៀបចំ និងមានមិត្តភក្ដិ៧នាក់ទៀត។ គោលដៅចម្បងរបស់លោក គឺបំផុសទេសចរណ៍ដើរភ្នំ ឡើងភ្នំ និងផ្សព្វផ្សាយឱ្យទេសចរស្គាល់ភ្នំខ្ពស់ៗរបស់កម្ពុជា ដូចជា ភ្នំឱរ៉ាល់ ភ្នំសំកុះ និងភ្នំទំព័រ។
លោក ហេង ឆាយហុង បានឡើងភ្នំខ្ពស់ៗចំនួន៣ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមករា ឆ្នាំ២០២២។ លោក ឆាយហុង ចាត់ទុកការឡើងភ្នំ ឬការដើរផ្សងព្រេងនេះ ជាកីឡាមួយដ៏ល្អ ដែលអាចជួយកាត់បន្ថយភាពតានតឹង និងធុញថប់ ជាមួយធម្មជាតិផងដែរ។
ទេសចរវ័យ៣៣ឆ្នាំរូបនេះ ចង់ផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ហើយនាំមិត្តភក្ដិដែលមានចំណូលចិត្តដូចគ្នាឱ្យស្គាល់តំបន់ធម្មជាតិស្អាតៗ ប្លែកៗ និងបង្កើនសក្ដានុពលទេសចរណ៍ក្នុងស្រុក ពិសេសភ្នំឱរ៉ាល់ ភ្នំសំកុះ និងភ្នំទំព័រ។ លោក បន្ថែមថា ភ្នំទាំង៣នេះជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ហើយមនុស្សភាគច្រើនស្គាល់តែភ្នំឱរ៉ាល់ប៉ុណ្ណោះ។
លោក ហេង ឆាយហុង
«មិនសូវមានមនុស្សស្គាល់ភ្នំសំកុះ និងភ្នំទំព័រទេ។ អ៊ីចឹងហើយ ខ្ញុំចង់បំផុសគំនិតដើរ៣ភ្នំខ្ពស់ជាងគេហ្នឹងឱ្យមនុស្សបានស្គាល់កាន់តែច្រើន។ ហើយការបំផុសបំផុលរបស់យើងហ្នឹង ក៏បានផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកឱ្យទូលំទូលាយ ចូលរួមអភិរក្សទេសចរណ៍ធម្មជាតិ ហើយក៏លើកកម្ពស់ជីវភាពសហគមន៍លើវិស័យហ្នឹងដែរ»។ នេះជាការលើកឡើងរបស់លោក ឆាយហុង។
លោក ហេង ឆាយហុង ចាប់ផ្ដើមដើរព្រៃ ផ្សងព្រេង ឡើងភ្នំតាំងពីឆ្នាំ២០១៥។ លោក ធ្លាប់បានឡើងភ្នំឱរ៉ាល់ជាង១០ដងរួចមកហើយ ឯភ្នំសំកុះ និងភ្នំទំព័រ២ដងប៉ុណ្ណោះ។ បុរសវ័យ៣២ឆ្នាំរូបនេះ អះអាងថា ក្នុងចំណោមភ្នំខ្ពស់ៗទាំង៣នេះ ភ្នំទំព័រជាភ្នំដែលពិបាកឡើងជាងគេ ព្រោះវាចោទខ្លាំង និងមិនមានផ្លូវឡើយ។
លោក ហេង ឆាយហុង ធ្លាប់បានឡើងភ្នំឱរ៉ាល់ជាង ១០ដងរួចមក ឯភ្នំទំព័រ២ដង និងភ្នំសំកុះ២ដងដូចគ្នា។ លោក អះអាងថា ក្នុងចំណោមភ្នំទាំង៣នេះ ភ្នំសំកុះជាភ្នំដែលលំបាកឡើងជាងគេ ព្រោះវានេះមានចំណោទខ្លាំង និងមិនមានផ្លូវឡើយ។
រូបភាពពីហ្វេសប៊ុកលោក ហេង ឆាយហុង
«មែនទែនទៅ ភ្នំទំព័រមិនមែនជាភ្នំខ្ពស់ជាងគេទេ។ និយាយពីកម្រិតនៃភាពលំបាករបស់វាគឺលំបាកជាងគេ ក្នុងចំណោមភ្នំទាំង៣ ព្រោះវាចោទ។ អ៊ីចឹងយើងត្រូវឡើងចំណោទសុទ្វ។ ប៉ុន្តែបន្ទាប់ពីឆ្លងផុត យើងទៅដល់កន្លែងដែលមានទេសភាពស្រស់ស្អាត វាស្មើនឹងការលើកទឹកចិត្តឱ្យយើងមានកម្លាំងដើរបន្តទៀត»។ នេះជាការលើកឡើងរបស់លោក ឆាយហុង។
ដំណើរផ្សងព្រេងលើកនេះ លោក ឆាយហុង បានជួបប្រទះនឹងសត្វជ្រូកព្រៃ ដានជើងដំរី និងឈ្លូស ដែលវាធ្វើឱ្យលោក មានអារម្មណ៍ប្លែក និងរំភើប ព្រោះវាជាសត្វកម្រ មិនងាយបានឃើញឡើយ។ លើសពីការដើរផ្សងព្រេងធម្មតា លោក ឆាយហុង យល់ថា វាបង្ហាញឱ្យលោក ឃើញពីការប្រាស្រ័យទាក់ទងគ្នាល្អក្នុងក្រុម និងការសហការគ្នា។ សមាជិកទាំងអស់ចេះអត់ធ្មត់ យល់ចិត្តគ្នា និងចេះទុក្ខធុរៈគ្នាទៅវិញទៅមកយ៉ាងល្អ ដែលវាជាការចង់ចាំមួយដ៏ល្អសម្រាប់លោក ឆាយហុង ពីដំណើរផ្សងព្រេងនេះ៕
រូបភាពពីលោក ហេង ឆាយហុង
លោក ហេង ឆាយហុង និងមិត្តភក្ដិ នៅលើកំពូលភ្នំឱរ៉ាល់
Tag:
ឡើងភ្នំ
ផ្សងព្រេង
ឱរ៉ាល់
សំកុះ
ទំព័រ
ហេង ឆាយហុង
© រក្សាសិទ្ធិដោយ thmeythmey.com