កីឡាអន្តរជាតិ
អន្តរជាតិ
សេណេហ្កាល់ ក្លាយជាម្ចាស់ជើងឯកអាហ្វ្រិកលើកដំបូងក្នុងប្រវត្តិសាស្ត្រ
07, Feb 2022 , 9:05 am        
រូបភាព
សេណេហ្កាល់ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់អាហ្វ្រិក Africa Cup of Nations ឆ្នាំ២០២១ និងជាលើកដំបូងក្នុងប្រវត្តសាស្ត្រ ក្រោយឈ្នះអេហ្ស៊ីបដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។



ជំនូបវគ្គផ្តាច់ព្រ័ត្រ AFCON ដែលកាមេរូនធ្វើម្ចាស់ផ្ទះ រវាងសេណេហ្កាល់ និងអេហ្ស៊ីប នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ បានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នា ក្នុងម៉ោងផ្លូវការ៩០នាទី។ ក្រុមទាំងពីរ តម្រូវឱ្យទាត់បាល់កាតសេចក្តីប៉េណាល់ទី ដើម្បីរកអ្នកឈ្នះ ដោយសេណេហ្កាល់ បានសម្រេចទី៤គ្រាប់ ឯអេហ្ស៊ីបធ្វើបាន២គ្រាប់។
 
តាមរយៈលទ្ធផលប៉េណាល់ទី ៤-២ បានជួយសេណេហ្កាល់គ្រងតំណែងជើងឯកពានទ្វីបអាហ្វ្រិក ឆ្នាំ២០២១ និងជាការឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ ចាប់តាំងពីកកើត ពាន AFCON ដំបូងនៅឆ្នាំ១៩៥៧ ពោលគឺរយៈពេល៦៥ឆ្នាំមកហើយ សេណេហ្កាល់ ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ៣លើកទាំងលើកនេះ ខណៈពីរលើកដំបូងពួកគគេបានត្រឹមរងជើងឯកនៅឆ្នាំ ២០០២ និង២០១៩។
 
ក្រុមរងជើងឯកអេហ្ស៊ីប ជាក្រុមជោគជ័យជាងគេនៅពានរង្វាន់ Africa Cup of Nations នេះ ដោយគ្រោងជើងឯក៧សម័យរួចមកហើយ។ ម្ចាស់ផ្ទះកាមេរូន ដែលឈ្នះបួគីណាហ្វាសូក្នុងការប្រកួតដណ្តើមយកលេខ៣ ឆ្នាំ២០២១នេះ ឈ្នះច្រើនជាងគេលំដាប់ថ្នាក់ទីពីរចំនួន៥លើក ហ្គាណា៤លើក នីហ្សេរីយ៉ា៣លើក ឯកូដឌីវ័រ អាល់ហ្សេរី និងសាធារណរដ្ឋកុងហ្គោ ឈ្នះ២លើកដូចគ្នា។ សំប៊ី ស៊ូដង់ ទុយនីស៊ី អេត្យូពី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង និងកុងហ្គោ ឈ្នះមួយលើកដូចគ្នា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com