ជាតិ
កញ្ញា បាទី មរកដ្ឋ និងមិត្តភក្តិ ថត និងផ្តិតរូបជូនតាយាយនៅសហគមន៍ចារក្រោម
08, Feb 2022 , 8:59 am        
រូបភាព
កញ្ញា បាទី មរកដ្ឋ និងមិត្តភក្ដិ៦នាក់ទៀត បានបង្កើតគម្រោងចារក្រោម (Char Kraom Community Project)  ដើម្បីពង្រឹងវិស័យអប់រំ ក្នុងសហគមន៍ចារក្រោម  ខេត្តបន្ទាយមានជ័យ។ លើសពីនេះ កញ្ញា ក៏បានថតរូបមនុស្សចាស់ ហើយផ្ដិតជូនពួកគាត់ សម្រាប់ដាក់ព្យួរលម្អតាមផ្ទះនីមួយៗផងដែរ។

 
កញ្ញា បាទី មរកដ្ឋ ដែលជាអ្នកអនុវត្តគម្រោងចារក្រោម រយៈពេលជាង៥ឆ្នាំនេះ បានពន្យល់ថា គម្រោងនេះបង្កើតឡើង ដើម្បីរៃអង្គាសថវិកាមកសាងសងសាលារៀនថ្មី ក្នុងសហគមន៍ចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដ្បិតសាលាចាស់មានសភាពទ្រុឌទ្រោម ពិបាកដល់ការសិក្សារបស់ក្មេងៗ។ សាលារៀននេះ មានថ្នាក់រៀនចំនួន៦ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី៦ និងបណ្ដាល័យ១ទៀត។ 


កញ្ញា បាទី មរកដ្ឋ ប្រគល់រូបជូនស្ត្រីម្នាក់នៅសហគមន៍ចារក្រោម
 
លើសពីការសាងសង់សាលារៀន យុវជនទាំង៧នាក់នេះ ក៏បានចុះថតរូបមនុស្សចាស់ក្នុងសហគមន៍ ហើយផ្ដិតជូនពួកគាត់ សម្រាប់ដាក់ព្យួរលម្អតាមផ្ទះនីមួយៗ។ ក្រោយទទួលបានផ្ទាំងរូបថតខ្លួន លោកយាយលោកតា បង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តណាស់។ នេះបើតាមការអះអាងរបស់កញ្ញា មរកដ្ឋ ដោយបន្តថា កញ្ញា ស្រឡាញ់រូបថត Portraits បែបនេះ ព្រោះវាច្បាស់ៗ ហើយស័ក្ដិសមជាមួយមនុស្សចាស់ ហើយមនុស្សគ្រប់គ្នាសុទ្ធតែស្រឡាញ់រូបថតខ្លួន ពិសេសមនុស្សចាស់។ 


 
«គម្រោងថតរូបហ្នឹង យើងគិតតាំងពីទៅសហគមន៍នោះលើកដំបូង ព្រោះយើងឃើញក្នុងភូមិហ្នឹងមានសុទ្ធតែមនុស្សចាស់ និងកូនក្មេង មិនសូវមានមនុស្សពេញវ័យទេ ព្រោះគេចំណាកស្រុកអស់ហើយ។ អ៊ីចឹងហើយ បានខ្ញុំចង់ថតរូបពួកគាត់ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងមនោសញ្ចេតនារបស់យើងជាមួយគាត់ និងឱ្យពួកគាត់សប្បាយចិត្ត»។ នេះជាការលើកឡើងរបស់កញ្ញា មរកដ្ឋ ដោយបន្តថា កញ្ញា ថតរូបមនុស្សចាស់អាយុចាប់ពី៥៥ឆ្នាំឡើង ហើយផ្ដិតជូនពួកគាត់ ម្នាក់មួយផ្ទាំងសម្រាប់ដាក់ព្យួរតាមផ្ទះរៀងៗខ្លួន។
 
មរកដ្ឋ បានអះអាងថា បច្ចុប្បន្ន កញ្ញាទើបតែផ្ដិតជូនមនុស្សចាស់ក្នុងសហគមន៍ប្រមាណ១០ផ្ទាំងប៉ុណ្ណោះ ដូច្នេះកញ្ញា និងមិត្តភក្ដិ នឹងបន្តថតរូប ហើយផ្ដិតជូនមនុស្សចាស់ទាំងអស់ក្នុងសហគមន៍តែម្ដង។ រូបថតមួយផ្ទាំង តម្លៃ១៤ដុល្លារ ដែលវាជាថវិកា របស់ សមាជិកក្រុមទាំង៦នាក់ ដោយអ្នកខ្លះជួយចេញ២ផ្ទាំង អ្នកខ្លះចេញ១ផ្ទាំងតាមលទ្ធភាពរៀងៗខ្លួន។ នេះជាការបញ្ជាក់របស់កញ្ញា មរកដ្ឋ។
 


ចំពោះកញ្ញា មរកដ្ឋ អ្វីដែលទទួលបានពីគម្រោងនេះ គឺជំនាញថតរូប។ «សម្រាប់ខ្ញុំ គឺខ្ញុំសប្បាយចិត្ត ហើយរៀនបានជំនាញថ្មី គឺការថតរូប Portraits ដែលបង្រៀនដោយលោកគ្រូ ម៉ក់ រ៉េមីស្សា និងលោក សុវណ្ណ ភីឡុង ដែលជាអ្នកជំនាញខាងផ្នែកថតរូប»។ នេះជាការអះអាងរបស់កញ្ញា មរកដ្ឋ ដោយបន្តថា កញ្ញា ក៏ចង់លើកកម្ពស់ការថតរូបផងដែរ។ ជាមួយគ្នានេះ កញ្ញា បានបញ្ជាក់ថា កញ្ញា ក៏មានគម្រោងអភិវឌ្ឍសហគមន៍ដូចជាដាំដើមចារចំនួន៤០ដើមផងដែរ។
 
ក្រៅពីមរកដ្ឋ យុវជន៦នាក់ទៀត ដែលសុទ្ធតែឆ្លៀតពេលពីការងារមមាញឹកដើម្បីគម្រោងសហគមន៍ចារក្រោម រួមមាន លោក គិម ប៊ុនថាន់ លោក ឈាន សារ៉ាត់ លោក ស៊ុយ វេត លោក សេង កុម្ភៈ, លោក ភុន យ៉ាន់ និងអ្នកស្រី ហង្ស សុវណ្ណារី ៕
















ប្រភពរូបទាំងអស់៖ Char Kroam Community Project Facebook Page
 

Tag:
 មនុស្សចាស់
  ចារក្រោម
  បាទី មរកដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com