កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ កូរ៉េខាងត្បូងមិនសប្បាយចិត្តក្រោយអត្តពលិកកីឡាស្គីពីរនាក់ រងពិន័យ
08, Feb 2022 , 5:59 pm        
រូបភាព
កូរ៉េខាងត្បូងនៅថ្ងៃទី៨ ខែកុម្ភៈ គ្រោងប្តឹងតវ៉ាជាមួយតុលាការកីឡាកំពូលពិភពលោក (CAS) និងគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការដកសិទ្ធិអត្តពលិកជិះស្គីល្បឿនលឿនរបស់ខ្លួនពីររូបចេញពីការប្រកួតអូឡាំពិកប៉េកាំង។​ កូរ៉េខាងត្បូង មិនសប្បាយចិត្តឡើយ ហើយចោទអាជ្ញាកណ្តាលលម្អៀងទៅរកម្ចាស់ផ្ទះចិន។


កីឡាករស្គីទឹកកក Hwang Dae-heon និង Lee June-seo នៅថ្ងៃទី៧ កុម្ភៈ ត្រូវបានដកសិទ្ធិពីការប្រកួតជិះស្គីត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរសចម្ងាយ ១,០០០ ម៉ែត្រក្នុងព្រឹត្តិការកីឡារដូវរងាឆ្នាំ២០២២ ដោយសារខុសបច្ចេកទេសពេលប្រកួត ដែលធ្វើឱ្យអ្នកប្រណាំងម្នាក់ទៀតជាគូប្រជែងមានបញ្ហា។
 
ជុំវិញការដកសិទ្ធិប្រកួតនេះ គណៈកម្មាធិការកីឡា និងអូឡាំពិកកូរ៉េខាងត្បូង (KSOC) អះអាងថាខ្លួននឹងប្តឹងឧទ្ធរណ៍ទៅ CAS និង IOC ហើយចាត់ទុកការសម្រេចចិត្តរបស់អ្នករៀបចំអូឡាំពិកក្រុងប៉េកាំងមានភាពមិនយុត្តិធម៌។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Yoon Hong-geun ប្រធានសហភាពស្គីកូរ៉េ (KSU) បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅក្រុងប៉េកាំងថា៖ «យើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីធានាថាការវិនិច្ឆ័យអយុត្តិធម៌បែបនេះនឹងមិនត្រូវបានធ្វើឡើងម្តងទៀត»។
 
បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង Hwang និង Lee ត្រូវបានធ្លាក់ចេញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកជិះស្គីម្ចាស់ផ្ទះចិនពីររូបបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយទីបំផុតទទួលបានមេដាយមាសមួយ និងប្រាក់មួយរៀងខ្លួន។
 
ប្រជាជនកូរ៉េខាងត្បូង បង្ហាញការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយចោទថាអាជ្ញាកណ្តាលបានពិន័យអត្តពលិកកូរ៉េខាងត្បូងដើម្បីបង្កើនឱកាសឱ្យអត្តពលិកចិនក្នុងការឈ្នះមេដាយលើទឹកកកក្នុងដីខ្លួនឯង។
 
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ម្ចាស់ផ្ទះចិនបាននាំមុខមេដាយបណ្តោះអាន្ន ដោយរកបានមដាយសរុបចំនូន៥ ក្នុងបោះមាស៣ និងប្រាក់២។ ស៊ុតអែតនៅលេខរៀងទី២រកបានមាស៣ និងសំរឹទ្ធ១ សរុប៤ តាមពីក្រោយដោយរុស្ស៊ីដែលទទួលបានមាស២ ប្រាក់៣ និងសំរឹទ្ធ៣ សរុប៨មេដាយ ខណៈកូរ៉េខាងត្បូងមិនទាន់រកបានមេដាយនៅឡើយ៕
 

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com