កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីនជាំង តំបន់មានបញ្ហារបស់ចិន ក្លាយជាឋានសួគ៌នាកីឡារដូវរងាក្រុងប៉េកាំង
10, Feb 2022 , 8:29 am        
រូបភាព
ស៊ីនជាំង ជាតំបន់មួយរបស់ចិន ដែលពោរពេញទៅដោយបញ្ហាជុំវិញក្តីក្តាំ ការរំលោភសិទ្ធិមនុស្សដ៏ធំលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចជាច្រើនទៀត។ ក៏ប៉ុន្តែក្រុងប៉េកាំង ចង់ប្រែក្លាយទីក្រុងមួយនេះ ជាឋានសួគ៌ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។



ក្នុងនាមជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ចិនបានប្រកាសពីក្តីសង្ឃឹម ក្នុងការប្រែក្លាយឧស្សាហកម្មកីឡារដូវរងា ដែលចាប់ផ្តើមដំបូងរបស់ខ្លួន ទៅជាមហាអំណាចក្នុងទំហំទឹកប្រាក់ ១៥៧ ពាន់លានដុល្លារអាម៉េរិក ហើយតំបន់ដែលមានបញ្ហាស៊ីនជាំង ត្រូវបានផ្តល់តួនាទីជាតួឯក។
 
ប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្ស បានចោទចិនថា មានមនុស្សជាងមួយលាននាក់ នៅស៊ីនជាំងត្រូវបានឃុំខ្លួននៅក្នុងជំរំ និងពលកម្មដោយបង្ខំ។ អាម៉េរិក និងសភាលោកខាងលិចមួយចំនួន បានចាត់ទុកចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងធ្វើពហិការការទូត ពិធីបើកអូឡាំពិកឆ្នាំ២០២២ទៀតផង។
 
យ៉ាងណាក៏ដោយ ក្រុងប៉េកាំងបានបដិសេធរាល់ការចោទខាងលើ ហើយបាននិយាយថាអ្នករិះគន់ និងការចោទប្រកាន់របស់ប្រទេសទាំងនោជា «នយោបាយ» កីឡា។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសថា តំបន់ជិះស្គីដែលស្ថិតនៅក្រុងស៊ីនជាំង ទទួលបានការទាក់ទាញយ៉ាងខ្លាំង ហើយមានអ្នកទៅកម្សាន្តកើនឡើងច្រើន ព្រោះតំបន់នោះសម្បូរទៅដោយភ្នំ ដែលគ្របដណ្តប់ដោយព្រិលស្អាតៗ។
 
ចំនួនរមណីយដ្ឋានជិះស្គីក្នុងស្រុក បានកើនឡើងបួនដង ចាប់តាំងពីក្រុងប៉េកាំង បានឈ្នះការដេញថ្លៃរៀបអូឡាំពិករបស់ខ្លួន នៅឆ្នាំ២០១៥ ក្នុងនោះ តំបន់ស៊ីនជាំងតែមួយ មានរមណីយដ្ឋាន ដល់ទៅចំនួន៧២កន្លែងឯណោះ។
 
ដោយមើលឃើញពីសក្ដានុពលទាំងនេះ ចិនគ្រោងប្រែក្លាយតំបន់ក្តីក្តាំស៊ីនជាំង ទៅជាទីឋានសួគ៌ សម្រាប់កន្លែងកម្សាន្តរដូវងា និងសម្រាប់អ្នកលេងកីឡា ដែលប្រើប្រាស់ព្រិលទឹកកកជាមធ្យោបាយផង។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian អះអាងថា គោលនយោបាយរបស់ចិនក្នុងការអភិវឌ្ឍន៍កីឡាទឹកកក និងកីឡាព្រិលទឹកកក និងការលើកកម្ពស់សុខភាពប្រជាជន គឺផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃជនជាតិភាគតិចទាំងអស់ ដែលរស់នៅក្នុងប្រទេសចិន។ លោក Lijian បន្ថែមថា ​មិនថាជនជាតិចិន ឬជនជាតិ​ផ្សេងទៀត សុទ្ធតែជា​គ្រួសារ​តែ​មួយ។
 
អ្នកជិះស្គីឆ្លងប្រទេសវ័យក្មេងជនជាតិភាគតិចវីហ្គ័រម្នាក់ ត្រូវបានម្ចាស់ផ្ទះចិន ជ្រើសរើសឱ្យធ្វើជាអ្នកកាន់ភ្លើងចុងក្រោយ នៅក្នុងពិធីបើកព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំង នាថ្ងៃទី៤ ខែកុម្ភៈ។ ចិន ក៏មានអត្តពលិកជាជនជាតិភាគតិច មកពីតំបន់ស៊ីនជាំង ចូលរួមប្រជែងមេដាយអូឡាំពិកឆ្នាំ២០២២នេះដែរ៕
 
 

Tag:
 Olympic
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com