ជាតិ
គម្រោង SeT4SME ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិកដល់អាជីវកម្មធុនតូច-មធ្យម
10, Feb 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រោមភាពជាដៃគូជាមួយអង្គការ Swisscontact Cambodia បានដាក់ឱ្យអនុវត្ត«គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME)» កាលពីថ្ងៃទី៨ ខែកុម្ភៈ។ គម្រោងថ្មីនេះ ផ្ដល់អត្ថប្រយោជន៍ដល់អាជីវកម្មធុនតូច-មធ្យម ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិតាមរយៈនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។



លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើតាមបែបឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។ 
  

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានអះអាងដូច្នេះ«ខ្ញុំបានកត់សម្គាល់ពីការរួមចំណែកដ៏មានសក្ដានុពលនៃគម្រោងនេះឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងផ្នែកសម្របសម្រួលពាណិជ្ជកម្ម តាមរយៈដំណើរការឌីជីថលដែលទាក់ទងនឹងពាណិជ្ជកម្ម។ ការកែលម្អនេះនឹងរួមចំណែកដល់ការបើកលទ្ធភាពពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសម្រាប់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម»។
 
ក្នុងកម្មវិធីដដែល  លោក Rajiv Pradhan នាយកអង្គការ ស្វីស ខន់ថាក់ប្រចាំកម្ពុជា  បានលើកឡើងថា «គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម(SeT4SME)» មានទិសដៅជំរុញការផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកដល់ការធ្វើដំណើរ នីតិវិធីបញ្ចេញទំនិញពីគយទៅលើកញ្ចប់ទំនិញតូចៗដែលផ្ញើតាមប្រៃសណីយ៍ ។ 
  

លោក Rajiv Pradhan នាយកអង្គការ ស្វីស ខន់ថាក់ប្រចាំកម្ពុជា។

ជាមួយគ្នានេះ លោកស្រី កែវ មុំ ប្រធានសមាគមនសហគ្រិនស្រ្តីកម្ពុជា រំពឹងថា គម្រោងថ្មីនេះនឹងចូលរួមចំណែកក្នុងការដោះស្រាយចំណុចខ្វះខាត និងលើកកម្ពស់ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្រ្តី។ 
 
បើតាមប្រធានសមាគមនសហគ្រិនស្រ្តីកម្ពុជារូបនេះ  តម្រូវការសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺមានសារៈសំខាន់ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុក។ «និន្នាការដែលកំពុងបន្តនៅក្នុងប្រទេសផ្សេងៗ គឺមានភាពងាយស្រួលជាងមុនសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន ហើយត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយអ្នកប្រើប្រាស់សម្រាប់ភាពងាយស្រួល ប្រសិទ្ធភាព និងការចំណាយទាប»។ នេះជាការបញ្ជាក់របស់លោកស្រី កែវ មុំ។ 


លោកស្រី កែវ មុំ ប្រធានសមាគមនសហគ្រិនស្រ្តីកម្ពុជា។

សូមជម្រាបថា គម្រោង SeT4SME  មានដៃគូអនុវត្តន៍ រួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយសហការបច្ចេកទេសជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ពីវិស័យឯកជនក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។ គម្រោងនេះប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម  (Global Alliance for Trade Facilitation)៕
 

 
 
 
 

Tag:
 SeT4SME
 Swisscontact Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com