កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA៖ កាតានឹងក្លាយជាប្រទេសគំរូ បើគ្រប់គ្រងកូវីដ-១៩ បានល្អអំឡុង World Cup
11, Feb 2022 , 9:59 am        
រូបភាព
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតានឹងក្លាយជា «គំរូ» សម្រាប់ការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក ស្របពេលពិភពលោកមានវិបត្តិសុខភាព ដោយសារជំងឺកូវីដ-១៩។ នេះជាការអះអាងរបស់លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១០ ខែកុម្ភៈ។


World Cup លើកទី៣២ ដែលប្រទេសតំបន់អារ៉ាប់បានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ។ នៅមុនព្រឹត្តិការណ៍មកដល់ ម្ចាស់ផ្ទះកាតាសន្យាថាពួកគេនឹងរៀបចំកីឡានេះដោយប្រយ័ត្នបំផុត ដ្បិតនេះនឹងក្លាយជាការប្រមូលផ្តុំអ្នកគាំទ្រកីឡាដ៏ធំជាលើកដំបូង ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង២ឆ្នាំមុន។
 
ដោយសារជំងឺរាតត្បាត អ្នកទស្សនាភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូលរួមកីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំមុន រួមទាំងអូឡាំពិករដូវរងាក្នុងប៉េកាំងដែលកំពុងដំណើរក៏មានការរឹតត្បិតអ្នកចូលរួមផងដែរ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកុម្ភៈ FIFA បានប្រកាសថា សំណើត្រូវបានធ្វើឡើងសម្រាប់សំបុត្រចំនួន ១៧ លានសំបុត្រសម្រាប់ការប្រកួត World Cup ក្នុងតំបន់អារ៉ាប់នេះ។ យ៉ាងណាក៏ដោយលោក Infantino បើស្នើឱ្យម្ចាស់ផ្ទះផ្តល់ការធានាចំពោះអ្នកគាំទ្រអំពីវិធានការសុវត្ថិភាពអំឡុងពេលសន្និសីទសុខភាពតាមអ៊ីនធឺណិតដែលរៀបចំដោយអាជ្ញាធរកាតា។
 
ប្រធាន FIFA លើកឡើងថា ប្រសិនបើកាតាអាចរៀបចំកីឡាលំដាប់ពិភពលោកនេះបានល្អ ជាមួយការគ្រប់គ្រងការចម្លងជំងឺរាតត្បាតបាននោះ នោះកាតានឹងក្លាយជាប្រទេសគំរូក្នុងការរៀបចំ World Cup នឹងដើម្បីឱ្យប្រទេសផ្សេងៗដែលនឹងធ្វើម្ចាស់ផ្ទះកីឡាធំៗក្រោយៗទៀតយករបៀបតាម។
 
«ដើម្បីធ្វើឱ្យប្រាកដថានេះមិនត្រឹមតែជាការប្រកួត World Cup ដ៏ល្អបំផុតមិនធ្លាប់មានប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការប្រកួតបាល់ទាត់ពិភពលោកដែលមានសុខភាពល្អបំផុតមិនធ្លាប់មានផងដែរ»។ លោក Infantino បញ្ជាក់ដូច្នេះមុន​បន្ថែម​ថា​ស្តង់ដារ​សុខភាព ​និង​សុវត្ថិភាព​នឹង​ក្លាយ​ជា​ ស្តង់ដារ​សម្រាប់​ការ​ប្រកួត​កីឡា​ក្នុង​កម្រិត​ខ្ពស់​នា​ពេល​អនាគត៕
 

Tag:
 World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com