កីឡាអន្តរជាតិ
អន្តរជាតិ
ទោះឃើញថា ទង្វើ​ Zouma មិនអាចទទួល​យកបាន តែលោក​ Deschamps មិនដក​គេចេញពីជម្រើសជាតិ​ឡើយ​
11, Feb 2022 , 2:58 pm        
រូបភាព
គ្រូបង្វឹកក្រុម​កីឡា​បាល់ទាត់​ជម្រើសជាតិបារាំង លោក Didier Deschamps បានចាត់ទុកអាកប្បកិរិយារបស់ខ្សែការពារ Kurt Zouma គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន បន្ទាប់ពីឃើញវីដេអូបង្ហាញពី​សកម្មភាព​គេប្រើហិង្សាលើសត្វឆ្មា។

 
ខ្សែការពារវ័យ២៧ឆ្នាំបានប្រើអាកប្បកិរិយាដោយយកដៃទះ និងជើងទាត់ឆ្មាដែលចិញ្ចឹមក្នុងផ្ទះ ហើយក្លិប West Ham United បានដាក់ពិន័យលើរូបគេ។ Zouma នឹងត្រូវបង់ប្រាក់ពិន័យប្រមាណ ៣៧០,០០០ ដុល្លារទៅកាន់អង្គការសប្បុរសធម៌សុខុមាលភាព សត្វអង់គ្លេស ដែលជាអ្នកយកសត្វឆ្មារបស់គេទៅមើលថែ។
 
ក្រុមហ៊ុនលក់សម្ភារៈកីឡា Adidas ក៏បានបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិបារាំងក្រោយពីបានឃើញឃ្លីបវីដេអូ។ បើទោះបីជាអាកប្បកិរិយារបស់ Zouma បានធ្វើឱ្យអ្នកគាំទ្ររិះគន់ ប៉ុន្តែរូបគេនៅតែត្រូវបានគ្រូបង្វឹក David Moyes ដាក់ឈ្មោះឱ្យលេងក្នុងក្រុមពេលប្រកួតទល់ក្រុម Watford។
 
លោក Deschamps គ្រូបារាំងក៏រិះគន់ខ្លាំងទៅលើ Zouma ប៉ុន្តែលោកបញ្ជាក់ថាជម្រើសជាតិបារាំងមិនអាចខ្វះរូបគេបានឡើយ។
 
«ខ្ញុំពិតជាភ្ញាក់ផ្អើលដោយអាកប្បកិរិយារបស់ Kurt ហើយរូបភាពនោះពិតជាមិនអាចទទួលយកបានឡើយ។ រឿងស្រដៀងគ្នានេះបានកើតឡើងកាលពីមុនរួចហើយសម្រាប់ការបង្កើតកំហុស ខ្ញុំក៏មិនកែប្រែការជ្រើសរើសរបស់ខ្ញុំសម្រាប់ក្រុមបារាំងដែរ»។ លោក Deschamps ប្រាប់ទូរទស្សន៍ France 3 បែបនេះ។
 
ខ្សែការពារ Kurt Zouma ធ្លាប់បានបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំង ១១ លើកហើយមានវត្តមានជួយបារាំងនៅពានរង្វាន់ Euro 2020។ Zouma ក៏លេងឱ្យ West Ham ១៥លើកក្រោមការដឹកនាំរបស់លោក David Moyes សម្រាប់ប្រជែងតំណែង Top 4 នៅ Premier league៕
 
 

Tag:
 Didier Deschamps
  Kurt Zouma
© រក្សាសិទ្ធិដោយ thmeythmey.com