រយៈពេល១ឆ្នាំ២០២១ យានយន្តសរុប២២៣,៨៧៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៦៨,៩៥៦គ្រឿង បានលើ្មសចរាចរណ៍ និងផាកពិន័យ បង់ប្រាក់ជូនរដ្ឋ សរុបជាង១ម៉ឺនលានរៀល។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តាមរបាយការណ៍ដដែលនេះ ក្នុងចំណោមយានយន្តសរុប២,១១២,៦៧០គ្រឿង ដែលអាជ្ញាធរបានត្រួតពិនិត្យ មានយានយន្តជាង២០ម៉ឺនគ្រឿង បានល្មើសចរាចរណ៍ និងផាកពិន័យ ដោយម៉ូតូ៧៥ភាគរយ និងរថយន្តធុនធ្ងន់២០ភាគរយ។ យានយន្តល្មើសច្បាប់ចរាចរណ៍ជាង២០ម៉ឺនគ្រឿងនោះ ពិន័យបានថវិកាសរុប១៩,៩១១,៨៩៥,០០០រៀល។
ចំពោះអ្នកល្មើសចរាចរណ៍ភាគច្រើនមិនពាក់មួកសុវត្ថិភាព និងរថយន្តបើកបរលើសល្បឿនកំណត់ ភាគច្រើនតាមផ្លូវជាតិលេខ៤,៥,៦,៧,៨,៧៣,៤១,៤៤ និងលេខ៥១។ រីឯការពិនិត្យជាតិស្រវឹង មានចំនួន៨៦៧នាក់ អ្នកបើកបររថយន្តចំនួន៤១ភាគរយ និងអ្នកបើកបរម៉ូតូ៥៩ភាគរយ។
ក្រៅពីនេះ ក៏មានយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសសរុបជាង៦ម៉ឺនគ្រឿង ត្រូវបានអាជ្ញាធរត្រួតពិនិត្យ ហើយល្មើសច្បាប់ជាង១ម៉ឺនគ្រឿងប៉ុណ្ណោះ។ ក្នុងនោះកាត់ទ្រុងចំនួន ១២៦គ្រឿង,រថយន្តគ្មានផ្លាកលេខចំនួន១៤០គ្រឿង,ដឹកទំនិញខុសលក្ខណៈបច្ចេកទេសជាង១ពាន់គ្រឿង,ដោះភ្លើងរថយន្តបំភ្លឺចំនួន៤៩៧គ្រឿង,រថយន្តខ្វះឯកសារចំនួន៤១៩គ្រឿង ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន៤១៩នាក់,បញ្ជូនរថយន្តទៅស្នងការដ្ឋានចំនួន ២៤គ្រឿង,មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាង៣ពាន់នាក់,មិនពាក់មួកសុវត្ថិភាពជាង២ពាន់នាក់ និងបើកបរហួសល្បឿនកំណត់ចំនួន៦គ្រឿង៕