កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel៖ ពាន Club World Cup ជាសម្រាប់លោក Abramovich
13, Feb 2022 , 10:58 am        
រូបភាព
ក្រុម​កីឡាករ Chelsea អបអរការឈ្នះពាន FIFA Club World Cup
ក្រុម​កីឡាករ Chelsea អបអរការឈ្នះពាន FIFA Club World Cup
ដោយ: ថ្មីៗ
Kai Havertz បានស៊ុតបាល់ប៉េណាល់ទីនៅនាទី១១៧ នាំ Chelsea ឈ្នះ Palmeiras ២-១ ដើម្បីលើកពាន Club World Cup នៅក្រុងអាប៊ូដាប៊ី។ ពានមួយនេះ បង្ហាញថា តោខៀវ ឈ្នះស្ទើរគ្រប់ប្រភេទពានទាំងអស់ ក្រោមរជ្ជកាលមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich។

 
Romelu Lukaku បានតែតបាល់បញ្ចូលទីនាំមុខនៅតង់ទីពីរ ហើយប្រមាណ១០នាទីក្រោយមក Rapahael Veiga តាមស្មើ ១-១ សម្រាប់ក្រុមប្រេស៊ីល Palmeiras។ នៅនាទី១១៧ Havertz ដែលបានស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះផងដែរក្នុងពាន Champions League សម្រេចបានសមិទ្ធផលសារជាថ្មីម្តងទៀត តាមរយៈបាល់ប៉េណាល់ទី។
 
គ្រូបង្វឹកតោខៀវ លោក Thomas Tuchel ឧទ្ទិសពានដំបូងសម្រាប់លោក Abramovich។ លោកបានរៀបរាប់ថា៖ «ពានគឺសម្រាប់គាត់ ពិតណាស់ គ្មានការសង្ស័យឡើយ គឺសម្រាប់រូបគាត់។ យើងបានជួបគ្នានៅលើទីលានក្រោយវគ្គផ្តាច់ព្រ័ត្រ គាត់បានអបអរសាទរ ហើយខ្ញុំបាននិយាយសាទរទៅគាត់វិញ។ ពានគឺសម្រាប់លោក វាជាក្លិបរបស់លោក និងវាជាការប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់លោក។ ខ្ញុំរីករាយដែលក្លាយជាផ្នែកមួយ»។ 
 
បើគិតចាប់តាំងពី លោក Abramovic គ្រប់គ្រង Chelsea ពីឆ្នាំ២០០៣មក ក្លិបបានឈ្នះពានសរុប២១ពានហើយ ដោយមានគ្រូបង្វឹក៨នាក់ផ្សេងគ្នា ក្នុងនោះមានពាន Premier League ៥, Champions League ២, Europa League ២, FA Cup ៤, League Cups ៣, Community Shield ២, UEFA Super Cup ១ និង FIFA Club World Cup ១។
 
លោក Tuchel ដែលបានដឹកនាំតោខៀវតាំងពីឆ្នាំ២០២១ មក បានឈ្នះពាន UEFA Champions League ១, ពាន UEFA Super Cup និង FIFA Club World Cup ជាលើកដំបូងសម្រាប់ក្លិប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com