ជាតិ
សម្ដេច ហ៊ុន សែន ផ្ដល់អនុសាសន៍៣ចំណុចស្ដីពីដំណោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ
13, Feb 2022 , 7:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអាទិត្យ ទី១៣កម្ភៈនេះ បានឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្នុងសុន្ទរកថានោះ សម្ដេច បានលើកឡើងអនុសាសន៍ចំនួន៣ ចំណុច ពីការដោះស្រាយបញ្ហាឮនៅឧបទ្វីបកូរ៉េ។



តាមរយៈសុន្ទរកថា នាមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក សម្ដេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួន៣ ចំណុច ដើម្បីឈានដល់ការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ រួមមាន៖ ចំណុចទីមួយ៖   ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ឆ្នាំមកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងនាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារសំខាន់បំផុត។
 
ទីពីរ៖ សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាពនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ ។ ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ។ ការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយ នូវវដ្តនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។
និងទីបី  ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្តែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់មិនមានភាពចម្រូងចម្រាស មិនសូវរសើប និងជាក់ស្តែង។
 
សម្ដេច ហ៊ុន សែន ជឿថាគំនិតផ្ដួចផ្ដើម« រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» គឺអាចសម្រេចបាន ព្រោះជាគំនិតផ្តួចផ្ដើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ៕ 
 

Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com