កីឡាអន្តរជាតិ
អន្តរជាតិ
លោក Moyes សង្ឃឹមអាកប្បកិរិយារបស់ Zouma មិនប៉ះពាល់ដល់ការងារក្រុម
14, Feb 2022 , 11:29 am        
រូបភាព
លោក David Moyes អ្នកចាត់ការក្រុមញញួរ West Ham United សង្ឃឹមថា  អាកប្បកិរិយាមិនល្អរបស់ខ្សែការពារ Kurt Zouma មិនជះផលប៉ះពាល់ដល់រឿងល្អៗ និងការងារជាក្រុមយ៉ាងល្អអំឡុងការប្រកួតឡើយ។


កាលពីសប្តាហ៍មុន ខ្សែការពារសញ្ជាតិបារាំងរូបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងក្រោយឃ្លីបវីដេអូមួយ បង្ហោះលើបណ្តាញសង្គមបង្ហាញថា រូបគេប្រើហិង្សាលើសត្វឆ្មាដែលគេចិញ្ចឹម។ ក្លិប West Ham United ក៏បានពិន័យខ្សែការពារវ័យ២៧ឆ្នាំនូវទឹកប្រាក់ប្រមាណ៣៧០,០០០ដុលា្លរផងដែរ។
 
បើទោះអាកប្បកិរិយារបស់ Zouma ពិបាកទទួលយកបាន ប៉ុន្តែខ្សែការពារបារាំងរូបនេះនៅតែត្រូវលោក Moyes ដាក់ឈ្មោះប្រកួតទល់ជាមួយក្រុម Watford និង Leicester City។
 
«យើងមិនបណ្តោយឱ្យរឿងមិនល្អក្លាយជាផលប៉ះពាលដល់ការងារក្រុមទាំងមូលឡើយ។ ជាធម្មតាកីឡាករបានបង្កើតកំហុស ហើយយើងជាគ្រូបង្វឹកគួរតែមានការលើកលែង និងពន្យល់កីឡាករឱ្យចេះទទួលខុសត្រូវនូវលើកំហុសទាំងអស់នោះ។» លោក Moyes និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
កាលពីថ្ងៃទី១១ខែកុម្ភៈ គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps បានចាត់ទុកអាកប្បកិរិយារបស់ Zouma គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន ប៉ុន្តែមិនដកឈ្មោះចេញពីក្រុមជម្រើសជាតិបារាំងឡើយ។
 
ពេលបច្ចុប្បន្នក្លិប West Ham United កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន៤១ពិន្ទុនៅលើតារាងក្របខណ្ឌ Premier League ក្រោយប្រកួតស្មើជាមួយក្រុម Leicester City លទ្ធផល ២-២នាថ្ងៃទី១៣ ខែកុម្ភៈ៕ 
 
 
 

Tag:
 David Moyes
  Kurt Zouma
  West Ham United
© រក្សាសិទ្ធិដោយ thmeythmey.com