កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton នៅតែបន្តអាជីពជាមួយ Mercedes សម្រាប់រដូវកាល ២០២២
14, Feb 2022 , 6:59 pm        
រូបភាព
Lewis Hamilton នឹងបន្តអាជីពជាមួយក្រុមប្រណាំង Mercedes ដើម្បីប្រជែងពានរង្វាន់ប្រណាំងរថយន្តពិភពលោក Formula One រដូវកាល ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនរថយន្ត Mercedes តាមរយៈវេបសាយផ្លូវការរបស់ខ្លួន ខណៈដែល Hamilton ស្ងាត់ស្ងៀមមួយរយៈក្រោយបានរងជើងឯករដូវកាលមុន។

 
ម្ចាស់ជើងឯក F1 ៧សម័យ មិនអាចការពារតំណែងរបស់ខ្លួនរដូវកាលមុនបានឡើយ ក្រោយចាញ់គូប្រជែង Max Verstappen នាការប្រណាំងនៅទីលានចុងក្រោយ។ មិនអាចបង្កើតកំណត់ត្រាឈ្នះជាលើកទី៨ក្នុងអាជីព Hamilton បាននៅស្ងប់ស្ងាត់ពីបណ្តាញសង្គមជាច្រើនសប្តាហ៍មកហើយ ហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្កើតពាក្យចចាមអារ៉ាមថាកីឡាករអង់គ្លេសរូបនេះពិចារណាចូលនិវត្តន៍ពីកីឡាប្រណាំងរថយន្តនេះ។
 
បើតាមការផ្សាយរបស់កាសែរ The Mirror នៅថ្ងៃទី១២ ខែកុម្ភៈ លោក Toto Wolff ប្រធានក្រុមហ៊ុន Mercedes អះអាងថា Hamilton មិនសប្បាយចិត្តទេ ព្រោះទទួលបានត្រឹមរងជើងឯក F1 រដូវកាលមុន។ ប៉ុន្តែ​ Hamilton ក៏មិនដែលគិតពី​ការ​ចូល​និវត្តន៍​ដែរ ដោយគ្រាន់តែចង់នៅស្ងៀមស្ងាត់​ លើ​បណ្តាញ​សង្គម​ និងមិន​បាន​ចូល​រួម​ក្នុង​កិច្ច​សម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ទាំងអស់តែប៉ុណ្ណោះ។
 
លោក Wolff បន្ថែមថាកំពូលអ្នកប្រណាំង F1 វ័យ៣៧ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្រុម Mercedes ដដែលដើម្បីដណ្តើមជើងឯកជាលើកទី៨ក្នុងអាជីព នៅរដូវកាលឆ្នាំ២០២២។ 
 
ដោយឡែក ក្រុមហ៊ុន Mercedes ដែលឈ្នះជើងឯកផ្នែកគ្រឿងម៉ាស៊ីនឆ្នាំ២០២១ បានបង្ហាញសមាជិកថ្មីរបស់ខ្លួន ដើម្បីចាប់ដៃគូជាមួយ Hamilton ផងដែរ។ អ្នកប្រណាំងអង់គ្លេស George Russell អតីតសមាជិកក្រុម Williams Mercedes នឹងទៅចូលរួមជាមួយ Mercedes ជំនួស Valtteri Bottas ដែលត្រូវប្តូរទៅក្រុម Alfa Romeo Racing Ferrari វិញ។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត ឬកាំជ្រួចលើផ្ទៃរាបរដូវកាល ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិនា នៅក្នុងប្រទេសបារ៉ែន៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com