យើងមិនអាចប្រើពាក្យ «អេ៎ប!» និង «អែប» លាយឡំគ្នានោះឡើយ ព្រោះក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានការពន្យល់ដាច់ដោយឡែក។
«អេ៎ប!» ឬ «អេប!» ជាឧទានសព្ទ ដែលមានន័យថា សូមចៀស! ។ បើតាមការពន្យល់ក្នុងវចនានុក្រម ពាក្យនេះសម្រាប់អ្នកបររថសេះស្រែកបន្លឺឲ្យសញ្ញាដល់អ្នកដើរក្នុងផ្លូវចំពីមុខរថឲ្យចៀសតាមច្បាប់ចរាចរដើរក្នុងផ្លូវ ( ដោយមិនប្រើកណ្ដឹង ) ។
រីឯ «អែប» វិញ ជាកិរិយាសព្ទ ដែលមានថា ផ្ទាប់លាក់ខ្លួនប្រប ឬពួនបំបៀតខ្លួនប្រប៖ អែបប្របជញ្ជាំង, ឈរអែបនឹងទ្វារ ។
នែបជិត, បំបៀតជិត៖ អែបទូក ។ ដាក់ផ្ទាប់ប្របៀតគ្នា, ដាក់ឬតាំងប្របគ្នា៖ ដាក់របស់អែបគ្នា ។
ទន្ទឹមកៀកគ្នាឬប្របៀតគ្នា៖ ឈើដុះអែបគ្នា, ឈរអែបគ្នា ។
តាមន័យប្រៀបធៀប៖ ចូលប្របឬចូលផ្គាប់ផ្គុនឲ្យជិតដិត។ ឧទាហរណ៍៖ អែបលោកអ្នកធំ, អែបជិត ផ្គាប់ផ្គុនដើម្បីឲ្យជិតដិតទុកចិត្តជឿស្ដាប់, ប៉ិនអែប ប៉ិនផ្គាប់ផ្គុនឲ្យទុកចិត្ត, អែបនែប អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឲ្យជិតជាប់គ្នា , អែបអប ផ្គាប់ផ្គុនរណេបរណិបដើម្បីឲ្យជិតស្និទ្ធស្នាល, ឡែបឡប ។
ពាក្យកាព្យ៖ រីជនអែបអប ប្រើបែបឡែបឡប ប្រចុបប្រចែង បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយោជន៍ ។ ពុំសូវអៀនខ្មាស បញ្ជោរផ្ដេសផ្ដាស មានឆៅមានខ្លោច អ្នកខ្សោយគំនិត ពុំគិតល្អិតល្អោច ជួនកាលដោយហោច គង់លង់តាមខ្លះ ។ អែបអាង អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់ ៕