COVID-19
ជាតិ
សុខភាព
ADB អនុម័តកម្ចី ៩៥លានដុល្លារ ឱ្យកម្ពុជាទិញវ៉ាក់សាំងកូវីដ-១៩
15, Feb 2022 , 8:59 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនដល់ពលរដ្ឋ។ ក្រៅពីកម្ចីនេះ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈម ក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និងក្រុមពលរដ្ឋដែលនៅឆ្ងាយ។

 
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋទាំងដូសជំរុញ ដូសមូលដ្ឋានសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ចេញផ្សាយថ្ងៃទី១៥ កុម្ភៈនេះពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
 
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ADB មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិត ដោយកាត់បន្ថយករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេស ពីជំងឺរាតត្បាត។ លោក Rikard Elfving បញ្ជាក់ទៀតថា ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈមក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និងក្រុមពលរដ្ឋដែលនៅឆ្ងាយ។


 
ប្រទេសកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ-១៩ ក្នុងឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថែទាំសុខភាព ខណៈសាលារៀន និងអាជីវកម្មជាច្រើន ត្រូវបិទទ្វារមួយរយៈពេលធំនៅគ្រានោះ។ ពលរដ្ឋនៅកម្ពុជាប្រមាណ ៨០ភាគរយ នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ បានទទួលវ៉ាក់សាងពេញលេញ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលកម្ពុជា នៅតែងាយរងគ្រោះ ចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជាDelta និងOmicron ជាដើម។
 
បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់ការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (APVAX)  ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០ លានដុល្លារ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ នេះបើតាម ADB ដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា គម្រោងខាងលើជាការគាំទ្របន្ថែមរបស់ខ្លួន ទៅលើជំនួយទាក់ទងនឹងកូវីដ-១៩ ដល់កម្ពុជា។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ច នៃជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួន ប្រមាណ ១,៧ លានគ្រឿង ដល់កម្ពុជា ក្នុងឆ្នាំ២០២១ដែរ។
 
ចាប់តាំងពីឆ្នាំ២០០៥មក ADB បានគាំទ្រគម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់ក្រសួងសុខាភិបាលកម្ពុជា។ នៅខែតុលា ឆ្នាំ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែម ចំនួន៣០លានដុល្លារ សម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ខណៈពេលករណីកូវីដ-១៩ មានការកើនឡើង។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

Tag:
 កម្ចី
 ADB
 សុខាភិបាល
 កូវីដ-១៩
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com