ពីនេះ ពីនោះ
«បន្លំ» ជាពាក្យត្រូវ រីឯ «ប្រឡំ» គ្មានក្នុងវចនានុក្រមឡើយ
09, Aug 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ចូលស៊កសៀតខ្លួនឬធ្វើអ្វីៗ ក្នុងដំណើរលបលាក់ឲ្យច្រឡំនឹងគេ កុំឲ្យគេឃើញ គេស្គាល់ជាក់ច្បាស់ មានន័យថា «បន្លំ»។ ចោរបន្លំចូលមកក្នុងផ្ទះជាមួយនឹងភ្ញៀវ, វាបន្លំយកខោមួយបាត់ទៅ ។ ប៉ុន្តែអ្នកខ្លះបែរជាសរសេរថា «ប្រឡំ» ជំនួសឲ្យពាក្យ «បន្លំ» ទៅវិញ។

 
គ្មានពាក្យ «ប្រឡំ» នោះឡើយក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត តែមានពាក្យផ្សេងទៀត ដែលមានអត្ថន័យស្រដៀងនឹងពាក្យ «បន្លំ» ដូចជា កិប, គៃ និងប្រឡិមប្រឡុំ ជាដើម។
 
«កិប» មានន័យថា បន្លំលាក់ទុក្ខខ្លះ, គៃបំបាត់យកខ្លះ។ កិបប្រាក់ ។ «គៃ» គក្រលៀសលៃបំបាត់យកខ្លះដោយបន្លំ
គៃយកប្រាក់គេ ។
 
«បន្លែ» ជាបរិវារសព្ទសម្រាប់និយាយផ្សំនឹងពាក្យ បន្លំ។ បន្លែបន្លំ  គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឲ្យអ្នកស្ដាប់ភ័ន្តស្មារតី ។
 
ប្រឡិមប្រឡុំ មានន័យថា ដែលបន្លែបន្លំ, ដែលលំៗ, ច្បោលៗ។ ធ្វើការប្រឡិមប្រឡុំ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com