ជាតិ
សេដ្ឋកិច្ច
បារាំងផ្តល់ជំនួយ ជាង២០ម៉ឺនដុល្លារទៀត ដល់សាលាក្តីខ្មែរក្រហម
16, Feb 2022 , 8:59 pm        
រូបភាព
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងនិងលោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឈរនៅជាប់កណ្តាលនៃរូបថត
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងនិងលោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឈរនៅជាប់កណ្តាលនៃរូបថត
ភ្នំពេញ៖ ប្រទេសបារាំង សម្រេចផ្តល់ជំនួយ២០ម៉ឺនអឺរ៉ូ(ប្រមាណ២២ម៉ឺនដុល្លារអាម៉េរិក)បន្ថែមទៀត ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជំនួយដែលបារាំងផ្តល់ឱ្យតុលារការខែ្មរក្រហមនេះ បានកើនដល់ប្រមាណ៧,៨លានដុល្លារ។

 
បារាំងបន្តគាំទ្រដល់បេសកកម្មរបស់តុលាការខ្មែរក្រហម ក្នុងការស្វែងរកយុត្តិធម៌ និងការពង្រឹងសន្តិភាព និងនីតិរដ្ឋនៅប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយជាង២០ម៉ឺនដុល្លារទៀត ដល់តុលាការខ្មែរក្រហម។ វិភាគទានថ្មីនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម សហអធិបតីភាពរបស់ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅស្ថានទូតបារាំង នាថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២២។
 
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង បានបញ្ជាក់ថា ជំនួយដែលបារាំងផ្តល់ឱ្យតុលារការខែ្មរក្រហម គឺបានកើន ដល់៧,៨លានដុល្លារ ចាប់តាំងពីឆ្នាំ២០០៦មក។ 


 
ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានដដែល បានរៀបរាប់ថា ក្នុងពេលដែលអាណត្តិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២២ ជាមួយការចេញសេចក្តីសម្រេចចុងក្រោយរបស់អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០២ ស្តីពី ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អ្នកចូលរួមទាំងអស់បានពិចារណាអំពីការបំពេញការងារដែលនៅសេសសល់របស់អ.វ.ត.ក។ ការងារនៅសល់រួមមានការថែទាំ ការរក្សាទុក និងការគ្រប់គ្រងបណ្ណាសារ ការពារនិងការចងចាំអំពីភាពសាហាវយង់ឃ្នង ដែលត្រូវបានប្រព្រឹត្ត និងការពិនិត្យសាលក្រមឡើងវិញ ។ ជាពិសេសការការពារជនរងគ្រោះនិងសាក្សី និងការគ្រប់គ្រងការអនុវត្តទោសរបស់ទណ្ឌិត។
 
លោក ហ្សាក់ ប៉ឺឡេ  ដែលជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននាពេលកន្លងមក នៃកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕
 

Tag:
 សាលាក្តីខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com