កីឡាអន្តរជាតិ
អន្តរជាតិ
FIFPRO៖ កីឡាករ៧៥ភាគរយចង់ឱ្យ FIFA រៀប World Cup ៤ឆ្នាំម្តងដដែល
17, Feb 2022 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFPRO) នៅថ្ងៃទី១៥ ខែកុម្ភៈ អះអាងថា ៧៥ភាគរយនៃកីឡាករបាល់ទាត់បុរសអាជីព ជ្រើសរើសឱ្យរក្សាការប្រកួត FIFA World Cup រៀងរាល់៤ឆ្នាំម្តងដដែល។


 
ស្ថាប័ន FIFPRO កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានស្ទង់មតិលើកីឡាករបាល់ទាត់អាជីពជាងមួយពាន់នាក់ មកពីទ្វីបចំនួន៦ ដែលក្នុងនោះមានច្រើនជាង៧០សញ្ជាតិផ្សេងៗគ្នា ជុំវិញគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្នុងការផ្លាស់ប្តូរកាលប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក២ឆ្នាំម្តង។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការស្ទង់មតិបង្ហាញថា កីឡាករមកពីទ្វីបអឺរ៉ុប និងអាស៊ីចំនួន៧៧ភាគរយពេញចិត្តការប្រកួតបាល់ទាត់ពិភពលោក៤ឆ្នាំម្តង និង៦៣ភាគរយមកពីទ្វីបអាម៉េរិក ក៏ចង់ឱ្យរក្សាទម្រង់ចាស់ដដែលដូចគ្នា។
 
ដោយឡែកក្នុងចំណោមកីឡាករអាហ្រ្វិកចំនួន៤៩ភាគរយ ពេញចិត្តនឹងការប្រកួតរៀងរាល់៤ឆ្នាំម្តង និងមួយចំនួនទៀតចង់ឱ្យប្តូរទៅ២ឆ្នាំ ឬ ៣ឆ្នាំម្តង។ យ៉ាងណាក៏ដោយ ក្នុងចំណោមកីឡាករដែលបានស្ទង់មតិទាំងអស់ មានតែកីឡាករ ២១ភាគរយប៉ុណ្ណោះដែលជឿថា សំឡេងរបស់ពួកគេនឹងទទួលបានការគោរពពី FIFA ដែលចង់ប្តូរ World Cup ទៅធ្វើ២ឆ្នាំម្តង។
 
លោក Jonas Baer-Hoffmann អគ្គលេខាធិការ FIFPRO លើកឡើងថា កីឡាករបាល់ទាត់ភាគច្រើននៅជុំវិញពិភពលោកចង់ឱ្យរៀប World Cup ៤ឆ្នាំម្តង ដ្បិតការរក្សាទម្រង់ដើម និងផ្តល់សារៈសំខាន់សម្រាប់ការប្រកួតលីគកម្រិតអាជីពធំៗ និងផ្តល់សុខុមាភាពដល់កីឡាករផង។
 
អគ្គលេខាធិការ FIFPRO បន្ថែមថា៖ «លីគទាំងអស់ជាមូលដ្ឋានគ្រឹះនៃការប្រកួតរបស់យើង ហើយយើងត្រូវពង្រឹងទាំង World Cup និងលីគសម្រាប់ជាប្រយោជន៍ដល់កីឡាករ និងស្ថិរភាពនៃបាល់ទាត់អាជីព»។
 
គម្រោងប្តូរកាលប្រកួត World Cup ២ឆ្នាំម្តង ជាផែនការរបស់លោក Arsene Wenger ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA។ យ៉ាងណាគម្រោងរបស់អតីតអ្នកចាត់ការ Arsenal រូបនេះត្រូវបានបដិសេធពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាម៉េរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF)៕

Tag:
 FIFPRO
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com