កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ថាប្រកួតទល់ Inter មិនសូវអស្ចារ្យ ខណៈសរសើរកីឡាករ​ធ្វើបានល្អ
17, Feb 2022 , 11:29 am        
រូបភាព
លោក Jurgen Klopp អ្នកចាត់ការក្រុមបាល់ទាត់ Liverpool សរសើរកីឡាករដែលបង្ហាញទម្រង់លេងបានល្អក្រោយយកជ័យជម្នះលើក្រុមម្ចាស់ផ្ទះអ៊ីតាលី Inter Milan ក្នុងពានរង្វាន់ UEFA Champions League លទ្ធផល ២-០ នៅកីឡដ្ឋាន San Siro ថ្ងៃទី១៧ ខែកុម្ភៈ។



ក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងវគ្គទីពីរដោយខ្សែប្រយុទ្ធ Roberto Firmino រួមទាំង Mohamed Salah រកបាន២គ្រាប់ជាជ័យជម្នះនៅជំនួបជើងទីមួយទល់ក្រុម Inter Milan។
 
លោក Klopp បានបង្ហាញអារម្មណ៍រីករាយក្រោយពេលកូនក្រុមអាចស្វែងរកជ័យជម្នះម្តងហើយម្តងទៀត បើទោះមានបញ្ហាផ្នែកកីឡាករបន្តិចបន្តួចក៏ដោយ។
 
«យើងត្រូវតែប្រយុទ្ធ។ យើងចាប់ផ្តើមការប្រកួតបានល្អ ប៉ុន្តែវគ្គទីមួយយើងមានបញ្ហាត្រង់ចំណុចការពារបន្តិចបន្តួច ហើយក្រុមយើងធ្វើបានល្អ។ ការប្រកួតមួយនេះមិនសូវជាអស្ចារ្យឡើយ ប៉ុន្តែវាក៏ជាថ្ងៃល្អសម្រាប់ក្រុមព្រោះយើងបានឈ្នះ និងមានភាគរយកាន់តែខ្ពស់ទៅកាន់វគ្គបន្ត។»លោក Klopp ប្រាប់ BT Sports បែបនេះក្រោយចប់ការប្រកួត។



ដោយឡែកការប្រកួតរវាងក្រុមខ្លាំងប្រចាំអាល្លឺម៉ងទាំងពីរ FC Salzburg តទល់ជាមួយក្រុម Bayern Munich បានបញ្ចប់ទៅដោយលទ្ធផល ១-១ នាកីឡដ្ឋាន Red Bull Arena។ 
 
FC Salzburg បានបើកការនាំមុខលើក្រុមភ្ញៀវ១គ្រាប់នៅនាទី២១ ដោយកីឡាករ Chukwubuike Adamu ។ ក្រុម Bayern Munich ព្យាយាមវាយបកទៅលើក្រុមម្ចាស់ផ្ទះ ក៏ប៉ុន្តែរហូតដល់នាទី៩០+២ ទើបកីឡាករ Kingsley Coman អាចស្វែងរកគ្រាប់តាមស្មើ។
 
ជំនួបជើងទីពីរនៃពានរង្វាន់ Champions League រវាងក្រុម Liverpool ស្វាគមន៍ក្រុម Inter Milan នៅកីឡដ្ឋាន Anfield ថ្ងៃទី៩ ខែមីនា និង Bayern Munich ស្វាគមន៍ក្រុម FC Salzburg នៅកីឡដ្ឋាន Allianz Arena ថ្ងៃទី១០ខែមីនា៕
 
 

Tag:
 Jurgen Klopp
  Liverpool
  UCL
© រក្សាសិទ្ធិដោយ thmeythmey.com