កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរីត្រៀមបញ្ជូនអត្តពលិក ៣៣០នាក់ ទៅប្រកួតស៊ីហ្គេមទីក្រុងហាណូយ
18, Feb 2022 , 8:29 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ប្រទេសសិង្ហបុរី ត្រៀមបញ្ជូនអត្តពលិកប្រមាណ ៣៣០នាក់ សម្រាប់ការប្រកួត ២៩ ប្រភេទកីឡាផ្សេងគ្នា នៅព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេម នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២នេះ។


ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ ដោយចាប់ផ្តើមនៅថ្ងៃទី១២ រហូតដល់២៣ ខែឧសភា ជាមួយការប្រកួតប្រជែងជាង ៥២៦ កម្មវិធី ក្នុងចំណោម ៤០ប្រភេទកីឡា។ តាមពិតទៅការប្រកួតស៊ីហ្គេមលើកទី៣១ ទីក្រុងហាណូយត្រូវប្រព្រឹត្តិឡើងក្នុងឆ្នាំ ២០២១ ប៉ុន្តែប្រទេសវៀតណាមបានផ្អាកទៅវិញ ដោយសារតែបញ្ហាកូវីដ-១៩ ឆ្លងខ្លាំង។
 
កាលពីថ្ងៃទី១៦ខែកុម្ភៈកន្លង ទៅក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានបើកកិច្ចប្រជុំជ្រើសរើសគណៈកម្មាធិការ ដើម្បីពិចារណាលើកីឡាករសម្រាប់តំណាងក្រុមជ្រើសជាតិ ទៅប្រកួតនៅទីក្រុងហាណូយ។
 
«ក្នុងកិច្ចប្រជុំដែលដឹកនាំដោយប្រធាន SNOC លោក Tan Chuan-Jin គណៈកម្មាធិការក៏បានសម្រេចចិត្តជ្រើសរើសអត្តពលិកដែលនឹងត្រូវតំណាងជាតិទៅប្រកួតកីឡានៅស៊ីហ្គេមរួចផងដែរ។» SNOC បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី បានបញ្ជាក់ថា អត្តពលិកដែលមិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ ត្រូវបំពេញលក្ខខណ្ឌឱ្យគ្រប់គ្រាន់ ដើម្បីទទួលបានការពិចារណាសម្រាប់ទៅប្រកួត។
 
កាលពីឆ្នាំ២០១៩ សិង្ហបុរីធ្លាប់បានបញ្ជូនអត្តពលិកដ៏ច្រើនបំផុតរបស់ខ្លួន ទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសហ្វីលីពីន ដោយមានអត្តពលិកប្រមាណ ៦៥៩នាក់ សម្រាប់ការប្រកួតកីឡា ៤៨ប្រភេទផ្សេងៗគ្នា និងត្រលប់មកវិញជាមួយមេដាយមាសចំនួន៥៣។ 
 
ឆ្នាំ ២០១៥ នៅពេលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បានឈ្នះមេដាយមាសដ៏ច្រើនបំផុត ដោយឈ្នះមេដាយមាសចំនួន ៨៤ ប្រាក់ ៧៣ និងសំរឹទ្ធ ១០២ កាលនោះ។ ក្នុងឆ្នាំ២០១៧ ស៊ីហ្គេមនៅកូឡាឡាំពួរ សិង្ហបុរីយកមេដាយបានត្រឹមមាស ៥៨ ប្រាក់៥៩ និងសំរឹទ្ធ ៧១៕
 

Tag:
 SEA Game
  Hanoi
  Singapore
© រក្សាសិទ្ធិដោយ thmeythmey.com