កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន La Liga ជឿថា Mbappe នឹងចូលរួមជាមួយក្រុមអធិរាជសពេលចប់រដូវកាល
18, Feb 2022 , 2:04 pm        
រូបភាព
លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga ជឿជាក់លើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នឹងមកចូលរួមជាមួយក្លិបអធិរាជស Real Madrid នៅពេលចប់រដូវកាល ២០២១-២០២២។


ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានស៊ុតបាល់១គ្រាប់ចុងម៉ោងជួយឱ្យក្លិប Paris Saint Germain យកឈ្នះការប្រកួតទល់ក្លិប Real Madrid ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទីមួយកាលពីថ្ងៃទី១៦ ខែកុម្ភៈ។ Mbappe នឹងត្រូវផុតកិច្ចសន្យាជាមួយក្រុមអ្នកមានបារាំង PSG នៅខែមិថុនាក្រោយចប់រដូវកាល ស្របពេលម្ចាស់ក្លិប PSG កំពុងតែបញ្ចុះបញ្ចូលខ្សែប្រយុទ្ធវ័យក្មេងឱ្យបន្តកិច្ចសន្យារយៈពេលវែង។
 
ទោះជាយ៉ាងនេះក្តី លោក Tebas បានបង្ហាញការជឿជាក់យ៉ាងខ្លាំងលើ Mbappe ថា នឹងអាចចូលរួមលេងបាល់ទាត់ក្នុងក្របខណ្ឌ La Liga នៅរដូវកាលក្រោយ ហើយក៏ជាមួយខ្សែប្រយុទ្ធ Erling Haaland ផងដែរ។ 


 
«Madrid នឹងអាចយក Mbappe ព្រមទាំង Haaland ជាមួយគ្នាតែម្តង ខណៈពេលក្លិបដទៃកំពុងជួបបញ្ហាហិរញ្ញវត្ថុនៅឡើយ។ បើសិន Mbappe មកកាន់លីគ La Liga វានឹងក្លាយជាព័ត៌មានល្អបំផុតមួយ ហើយវាក៏ជារឿងល្អដែលគួរកើតមានសម្រាប់លីគ។»លោក Tebas អះអាងបែបនេះប្រាប់ Europa Press ។
 
ក្នុងរដូវកាល ២០២១-២២ ខ្សែប្រយុទ្ធសញ្ជាតិបារាំងដែលធ្លាប់ឈ្នះពានរង្វាន់ World Cup បានស្វែករកគ្រាប់បាល់ចំនួន ២២គ្រាប់ជាមួយការបញ្ជូនបាល់ ១៣លើក ក្នុងចំណោមការបង្ហាញ់ខ្លួន ៣២ប្រកួតឱ្យ PSG។ មិនតែប៉ុណ្ណោះ Mbappe ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានក្រោយចប់ការប្រកួតជាមួយ Real Madrid រូបគេនៅតែមិនទាន់សម្រេចចិត្តនៅឡើយទេចំពោះអនាគត។
 
ក្លិប Paris Saint Germain ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថានឹងធ្វើឱ្យខ្សែប្រយុទ្ធវ័យ២៣ឆ្នាំក្លាយជាកីឡាករដែលមានប្រាក់ពលកម្មច្រើនជាងគេក្នុងពិភពលោក៕
 

Tag:
 Kylian Mbappe
  Javier Tebas
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com