កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីចិន Eileen Gu ឈ្នះមេដាយមាស១ទៀត និងជាមេដាយទី៣នៅអូឡាំពិកប៉េកាំង
× តារាជិះស្គីកូនកាត់ចិនអាម៉េរិក Eileen Gu បានឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក១ទៀតក្នុងវិញ្ញាសារជិះស្គីក្បាច់សេរី Free ski halfpipe ថ្ងៃទី១៨ខែកុម្ភៈ។ នេះក៏ជាមេដាយទី៣ដែលកីឡាការិនី Eileen បានឈ្នះ។
Eileen វ័យ១៨ឆ្នាំបានក្លាយជាតារាផ្នែកជិះស្គីដ៏ល្បីមួយប្រចាំប្រទេសចិនអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ នេះ។ Eileen Gu បានឈ្នះមេដាយទី១ ក្នុងកីឡាជិះស្គីក្បាច់សេរីវិញ្ញាសារ Free ski Big Air កាលពីថ្ងៃទី៨ ខែកុម្ភៈ និងមេដាយប្រាក់ក្នុងវិញ្ញាសារស្គីក្បាច់សេរី Slopestyle កាលថ្ងៃទី១៥ខែកុម្ភៈ។
Eileen Gu បានបញ្ចប់ការប្រកួតរបស់នាងដោយពិន្ទុ ៩៥.២៥ នាំមុខកីឡាការិនីកាណាដា Cassie Sharpe មេដាយប្រាក់ធ្វើបានពិន្ទុ ៩០.៧៥ និងកីឡាការិនីកាណាដា Rachael Karker មេដាយសំរឹទ្ធ ៨៧.៧៥។
តារាជិះស្គីកូនកាត់រូបនេះក៏បានក្លាយជាកីឡាការិនីដំបូងដែលបានឈ្នះមេដាយ៣ក្នុងការប្រកួតវិញ្ញាសាជិះស្គីក្បាច់សេរីបីផ្សេងគ្នានៅព្រឹត្តិការណ៍អូឡាំពិកប៉េកាំង២០២២។
«នេះត្រឹមតែរយៈពេល២សប្តាហ៍នៃកម្មវិធីប្រកួត។ វាមានភាពលំបាកទាំងកម្រិតខ្ពស់និងទាបនៃការប្រកួតដែលខ្ញុំមិនធ្លាប់បានជួបប្រទះ ហើយវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំជារៀងរហូត។» Eileen Gu ប្រាប់អ្នកយកព័ត៌មានបែបនេះ។
ជាមួយជ័យជម្នះបែបនេះ កីឡាការិនីវ័យក្មេង Eileen Gu ក៏បានបញ្ជាក់បន្ថែមថា នាងពិតជាមានកិត្តិយសដែលបានតំណាងឱ្យប្រទេសចិនក្នុងការប្រកួតអូឡាំពិកនេះ ហើយនាងក៏មានបំណងផ្សព្វផ្សាយការលើកទឹកចិត្តដល់ក្មេងស្រីៗតាមរយៈចំណងចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងចំពោះកីឡាផងដែរ៕
Tag:
Olympic Beijing 2022
Eileen Gu
Haftpipe Free ski
© រក្សាសិទ្ធិដោយ thmeythmey.com