កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC ព្រមានអ្នករៀបចំអូឡាំពិកប៉េកាំង ចំពោះការនិយាយពាក់ព័ន្ធនយោបាយ
18, Feb 2022 , 5:43 pm        
រូបភាព
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ខឹងអ្នករៀបចំរបស់ម្ចាស់ផ្ទះចិន ដែលនិយាយរឿងនយោបាយភ្ជាប់នឹងព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង។ នៅថ្ងៃទី១៨ ខែកុម្ភៈ លោក Bach បានកោះ​ប្រជុំ​ភ្លាមៗ​ នឹងព្រមានអ្នករៀបចំរក្សាភាពស្ងៀមស្ងាត់ អំពីនយោបាយ​អំឡុងការប្រកួត។


​បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រត្តិកម្មរបស់ប្រធាន IOC កើតឡើងបន្ទាប់ពីអ្នកនាំពាក្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង (BOCOG) បានឆ្លើយតបនឹងការលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។
 
«បញ្ហានេះយើងមិនបានព្រងើយកន្តើយទេ»។ លោក Bach អះអាងដូច្នេះ មួយថ្ងៃបន្ទាប់ពីលោក Yan Jiarong អ្នកនាំពាក្យរបស់ BOCOG បានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសអំពីបញ្ហាតៃវ៉ាន់ និងសិទ្ធិមនុស្សនៅស៊ីនជាំង។ 
 
ប្រធាន IOC បន្ថែមថា៖ «យើងបានទាក់ទងជាមួយ BOCOG ភ្លាមៗបន្ទាប់ពីសន្និសីទសារព័ត៌មាននេះ ហើយបន្ទាប់ស្ថាប័នទាំងពីរ BOCOG និង IOC បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការរក្សាអព្យាក្រឹត្យនយោបាយ ដូចដែលធម្មនុញ្ញអូឡាំពិកបានចែង»។
 
មួយថ្ងៃមុនការព្រមានរបស់លោក Bach លោក Jiarong បានឆ្លើយនឹងសំនួររបស់អ្នកកាសែតបរទេសម្នាក់ ដែលបានសួរលោកអំពីបញ្ហានៅស៊ីនជាំងដល់ទៅពីរដង។ អ្នកនាំពាក្យ BOCOG រូបនេះបានឆ្លើយតបនឹង IOC វិញថា បញ្ហាខាងលើមិនពាក់ព័ន្ធនឹងអូឡាំពិករដូវរងាទេ ប៉ុន្តែលោកនៅតែមានអារម្មណ៍ថា មានកាតព្វកិច្ចត្រូវធ្វើអត្ថាធិប្បាយភ្លាមៗ ចំពោះអ្នកកាសែតដែលព្យាយាមសួរដដែលៗនោះ។
 
ក្រុមសិទ្ធិមនុស្សបានចោទចិនថា យ៉ាងហោចណាស់មានជនជាតិភាគតិចវីហ្គ័រមួយលាននាក់ និងជនជាតិម៉ូស្លីមផ្សេងទៀត ត្រូវបានជាប់ឃុំនៅក្នុងជំរុំក្នុងតំបន់ស៊ីនជាំង ខណៈស្ត្រីត្រូវបានបង្ខំឱ្យក្រៀវ និងពលកម្មដោយបង្ខំជាដើម។
 
ដោយសារបញ្ហានៅស៊ីនជាំងនេះ បានធ្វើឱ្យប្រទេសលោកខាងលិចមួយចំនួន ព្រមទាំងអាម៉េរិកផងធ្វើពហិការការទូតក្នុងព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ២០២២៕
 
 
 

Tag:
 Thomas Bach
  IOC
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com