កីឡាអន្តរជាតិ
អន្តរជាតិ
លោក Simeone ជឿជាក់លើកូនក្រុមចំពោះការធានាកៅអី Champions League រដូវកាលក្រោយ
19, Feb 2022 , 9:39 pm        
រូបភាព
លោក Diego Simeone គ្រូបង្វឹកក្លិបបាល់ទាត់ Atletico Madrid បញ្ចាក់ថាលោកមានជំនឿលើកូនក្រុមក្នុងការការពារកៅអី UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីក្រុមបានស្វែងរកដំណោះស្រាយក្រោយភ្លាត់ចាញ់ក្រុម Levante ក្នុងលទ្ធផល ១-០ នៅ La Liga។



ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សងទីនបានភ្លាត់ស្នៀតជាថ្មីម្តងទៀតដោយប្រកួតចាញ់ក្រុមបាតតារាង Levante ស្របពេលក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដមួយនេះកំពុងប្រជែងតំណែងកំពូលទាំង៤ នៅលីគ La Liga ជាមួយក្រុម Barcelona ដែលកំពុងឈរលេខ៤ និងមានពិន្ទុស្មើគ្នា។
 
ទោះបីជាចាញ់ក្រុមបាតតារាងបែបនេះក្តីលោក Simeone នៅតែជឿជាក់លើកូនក្រុមថាអាចធានាកៅអីពានរង្វាន់កំពូលអឺរ៉ុបបានបន្តទៀត។
 
«ការចាញ់វាជារឿងធម្មតាមួយ ប៉ុន្តែវាក៏ធ្វើឱ្យយើងឈឺចាប់ខ្លះដែរ ហើយយើងបានរកដំណោះស្រាយនិងផ្តោតអារម្មណ៍សម្រាប់ការប្រកួតខាងមុខបន្តទៀត។ យើងដឹងច្បាស់ណាស់ហើយថាមានក្រុមយ៉ាងហោចណាស់៧ផ្សេងទៀតកំពុងតែស្វែងរកផ្លូវទៅកាន់ Champions League យើងក៏ជឿជាក់ថានឹងធានាកៅអីបាន។»លោក Simeone និយាយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រុម Atletico Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Wanda Metropolitano ស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនៃវគ្គជម្រុះ១៦ក្រុម Champions League ជើងទីមួយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com