ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ មិនរត់ចោលប្រជាជន ជាជម្រើសល្អបំផុត មិនមែនទូងស្គរពីចម្ងាយនោះទេ
20, Feb 2022 , 6:30 pm        
រូបភាព
លោក កឹម សុខា ពេលចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនតាមមូលដ្ឋាន (រូបពីទំព័រហ្វេសប៊ុករបស់លោក)
លោក កឹម សុខា ពេលចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនតាមមូលដ្ឋាន (រូបពីទំព័រហ្វេសប៊ុករបស់លោក)
តាមរយៈទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើសារសំខាន់២ចំណុច គឺទី១ លោក មិនរត់ចោលប្រជាពលរដ្ឋ មិនបោះបង់សមភូមិ និងទី២ លោក មិនមែនជាអ្នកដឹកនាំ ដែលក្លាហានបានត្រឹមតែទូងស្គរពីចម្ងាយឡើយ។



«ដោយស្មារតីស្រឡាញ់ និងចង់ជួយប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរឲ្យបានសុខចម្រើនពិត ជាពិសេសក្នុងនាមជាអ្នកដឹកនាំ ទោះបីលទ្ធភាព សិទ្ធិសេរីភាព នៅមានកម្រិតក្តី ខ្ញុំ នៅតែយល់ថា ការឈរជើងក្នុងមាតុភូមិ និងផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលពួកគាត់នោះ គឺជាជម្រើសដ៏ល្អបំផុត»។ នេះជាសាររបស់លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំង ដែលកំពុងមានវត្តមាននៅក្នុងស្រុក តែមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយ។

លោក អះអាងថា លោក បានដឹង និងឮផ្ទាល់ពីប្រជាពលរដ្ឋ ដែលពួកគាត់ នៅតែគាំទ្រគោលជំហររបស់លោក។ ប្រធានអតីតគណបក្សប្រឆាំងរូបនេះ បន្តថា ប្រទេសជាមិត្តល្អរបស់កម្ពុជា ក៏នៅតែផ្តល់តម្លៃដល់លោកដែរ ដោយតំណាងរបស់ប្រទេសទាំងនោះ បានទៅជួបពិភាក្សាជាមួយលោក។

លោក យល់ថា លោក នៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងការផ្តល់តម្លៃពីបរទេសជាមិត្តកម្ពុជាបែបនេះ គឺដោយសារការលះបង់ ការព្យាយាម ការអត់ធ្មត់ដោយអហិង្សា ការរក្សាគោលជំហរប្រាកដប្រជា តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«មិនមែនដោយការធ្វើសកម្មភាពគ្មានគោលដៅច្បាស់លាស់ ទូងស្គរពីចម្ងាយ បង្កើតព្រឹត្តិការណ៍រុញច្រានឲ្យប្រជាពលរដ្ឋរងគ្រោះជំនួសនោះឡើយ»។

៣ថ្ងៃជាប់គ្នា គឺថ្ងៃទី១៨ ថ្ងៃទី១៩ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក កឹម សុខា និងសហការីបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួន ដោយបាននាំអំណោយខ្លះៗទៅជាមួយផងដែរ។ ៣ថ្ងៃនេះ លោក បានចុះតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងរហូតទៅដល់ខេត្តរតនគីរី។

លោក បានបង្ហោះរូប និងព័ត៌មានអំពីការចុះមូលដ្ឋានរបស់លោក នៅលើទំព័រហ្វេសប៊ុក ហើយក៏ឆ្លៀតភ្ជាប់ជាមួយសារខាងលើ ដែលបង្ហាញពីជំហររបស់លោក ក្នុងការមិនបោះបង់ចោលសមភូមិ និងប្រជាពលរដ្ឋ៕ 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com