ជាតិ
កម្ពុជា បញ្ជូនទ័ពមួកខៀវ២១៩នាក់ ទៅបំពេញបេសកកម្មនៅអាហ្រ្វិកកណ្តាល
20, Feb 2022 , 8:59 pm        
រូបភាព
ទ័ពមួកខៀវកម្ពុជា២១៩នាក់ រៀបចំឡើងយន្តហោះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅអាហ្រ្វិកកណ្តាល។ រូបពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ទ័ពមួកខៀវកម្ពុជា២១៩នាក់ រៀបចំឡើងយន្តហោះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅអាហ្រ្វិកកណ្តាល។ រូបពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ២១៩ (ស្រ្តី២៨នាក់) ទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ ពួកគេ បានចាកចេញពីកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

 
នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ថ្លែងក្នុងពិធីជូនដំណើរទ័ពមួកខៀវទាំង២១៩នាក់ ថា បេសកកម្មនៅអាហ្វ្រិកកណ្តាលនេះ គឺជាបេសកកម្មលើកទី៨ ឬឆ្នាំទី៨ហើយ ដោយទទួលបានទំនុកចិត្តពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយជម្លោះ។ 
 
ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបង្ហោះប្រសាសន៍របស់លោកយ៉ាងដូច្នេះថា៖«នៅថ្ងៃនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើង ដែលវីរយុទ្ធជន យុទ្ធនារីយើង បានខិតខំហ្វឹកហាត់អស់រយៈពេលជាយូរទទួលបាននូវក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិតប្រាកដពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ»។
 
គិតចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ឬកងទ័ពមួកខៀវជាង៧ពាន់នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីប និងយេម៉ែន។ បច្ចុប្បន្ន កម្ពុជា មានកម្លាំងកងទ័ពមួកខៀវប្រមាណ៨០០នាក់ (នារីជិត៨០នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល៕
 

Tag:
 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com