កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ថាចង់ទៅលេងនៅលីគកំពូលអាម៉េរិកមុនពេលចូលនិវត្តន៍
22, Feb 2022 , 2:06 pm        
រូបភាព
ខ្សែប្រយុទ្ធ Neymar JR បានបង្ហើបថា នឹងអាចទៅលេងនៅលីគកំពូលអាម៉េរិក Major League Soccer ជាជាងវិលត្រលប់ទៅលេងនៅក្នុងប្រទេសកំណើតមុនពេលចូលនិវត្តន៍។



ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ នឹងត្រូវផុតកិច្ចសន្យាជាមួយក្រុមអ្នកមានបារាំង Paris Saint Germain នៅត្រឹមឆ្នាំ ២០២៥។ ចាប់តាំងពីផ្ទេរមកពីក្រុម Barcelona មកកាន់ទឹកដីបារាំងក្នុងឆ្នាំ ២០១៧ មក ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរកបានគ្រាប់បាល់ចំនួន ៩១គ្រាប់ ក្នុងចំណោម១៣២ប្រកួតឱ្យក្រុម PSG។
 
ក្រោយវិលត្រលប់ចូលរួមប្រកួតឱ្យក្រុម PSG វិញបន្ទាប់ពីរងរបួសសរសៃកជើង Neymar រកបានគ្រាប់បាល់មួយគ្រាប់ឱ្យក្រុមកាលប្រកួតទល់ក្រុម Nantes នាថ្ងៃទី២០ ខែកុម្ភៈ ក៏ប៉ុន្តែក្រុមអ្នកមានបារាំងបែរជាភ្លាត់ស្នៀតចាញ់លទ្ធផល ៣-១។
 
«ខ្ញុំមិនដឹងនោះទេ ថាតើខ្ញុំអាចវិលត្រលប់ទៅលេងនៅប្រទេសប្រេស៊ីលឬយ៉ាងណា។ រឿងនេះមិនមែនជាការសង្ស័យអ្វីឡើយ ខ្ញុំក៏ចូលចិត្តការលេងបាល់ទាត់នៅក្នុងប្រទេសអាម៉េរិកដូចគ្នា យ៉ាងហោចណាស់ក៏អាចលេងមួយរដូវកាលដែរ។» Neymar និយាយបែបនេះក្នុងកម្មវិធី Fenomenos Podcast។
 
លើសពីនេះទៅទៀតអតីតកីឡាកររបស់ក្រុម Barcelona ក៏បានអះអាង ថារូបគេនឹងបន្តលេងបាល់រហូតទាល់តែអស់កម្លាំងផ្លូវចិត្ត ផ្លូវកាយ និងសុខភាពទើបចូលនិវត្តន៍ពីបាល់ទាត់។ 
ទោះជាយ៉ាងនេះក្តី Neymar ក៏បញ្ជាក់បន្ថែមថា រូបគេអាចលេងកីឡាបាល់ទាត់ប៉ុន្មានឆ្នាំទៅមុខទៀត និងសុខភាពរបស់គេគឺជារឿងដែលសំខាន់បំផុត៕
 

Tag:
 Neymar JR
  Major League Soccer
© រក្សាសិទ្ធិដោយ thmeythmey.com