កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ធ្លាប់ឈ្នះ Lille ២លើក Tuchel ថា ខ្លួនដឹងពីទម្រង់លេងរបស់ក្រុមបារាំងមួយនេះ
22, Feb 2022 , 4:29 pm        
រូបភាព
ក្រុមតោខៀវ Chelsea នឹងត្រូវទទួលស្វាគមន៍ក្រុម LOSC Lille ក្នុងជំនួបប្រកួតពានរង្វាន់ UEFA Champions League វគ្គជម្រុះ១៦ក្រុមជើងទីមួយ ខណៈម្ចាស់ផ្ទះ Villarreal ទទួលក្រុមខ្លាំងអ៊ីតាលី Juventus នាវេលាម៉ោង៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ កុម្ភៈ (ម៉ោងនៅកម្ពុជា)។



ក្រុមកាពារតំណែងជើងឯក​​ Chelsea និងក្រុម LOSC Lille ធ្លាប់ជួបគ្នាចំនួនពីរលើករួចមកហើយ កាលពីរដូវកាល ២០២០-២១ ក្នុងជំនួបវគ្គចែកពូល Champions League ដោយក្រុមតោខៀវយកឈ្នះទាំង២ជើង។ ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ទើបតែឈ្នះពានរង្វាន់ FIFA Club World Cup គឺជាក្រុមដែលឡើងមកពីពូល H ខណៈក្រុម Lille ជាក្រុមឡើងមកពីពូល G ។
 
ក្នុងជំនួបនារាត្រីនេះ ក្រុមតោខៀវ Chelsea មានប្រៀបទៅលើក្រុមដែលមកពីលីគកំពូលបារាំងមួយនេះ ដោយស្ថិតិ ៥ប្រកួតចុងក្រោយរបស់តោខៀវ គឺឈ្នះទាំង៥ ខណៈ Lille ៥ប្រកួតចុងក្រោយឈ្នះ២ ចាញ់២ និងស្មើ១។ នេះជាជំនួបលើកទីបីហើយ ដែលក្រុមទាំងពីរបានជួបគ្នា។
 
សម្រាប់ការប្រកួតរាត្រីនេះ ក្រុមតោខៀវនឹងត្រូវអវត្តមានកីឡាករសំខាន់៥រូប រួមមាន Mason Mount, Ben Chilwell, Reece James ដោយសាររងរបួស ,រីឯកីឡាករ Cesar Azpilicueta, Callum Hudson-Odoi មិនអាចជួយក្រុមបាន។ ចំណែកក្លិប Lille វិញក៏នឹងត្រូវអវត្តមានកីឡាករតែមួយរូបប៉ុណ្ណោះ គឺ Angel Gomes។
 
«យើងដឹងច្បាស់ហើយពីទម្រង់លេងរបស់ក្រុមបារាំងយ៉ាងណានោះ ទម្រង់ប្រយុទ្ធដ៏ល្អរបស់ពួកគេ ការគ្រប់គ្រងបាល់ប្រជែងមួយទល់នឹងមួយជាដើម។ យើងគោរពចំពោះគូរប្រកួតយើងយប់នេះ ហើយក្រុមយើងក៏បានត្រៀមខ្លួនរួចរាល់។»លោក Tuchel និយាយបែបនេះក្នុងសិន្និសីទកាសែតមុនការប្រកួត។
 
ចំណែកការប្រកួតមួយគូទៀត ក្រុម Villarreal ត្រូវបើកកីឡដ្ឋាន Estadio de la Ceramica ស្វាគមន៍ក្រុមខ្លាំងអ៊ីតាលី Juventus វេលាម៉ោង ៣ (ម៉ោងនៅកម្ពុជា)រំលងអាធ្រាត្រ៕
 

Tag:
 UEFA Champions League
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com