ជាតិ
យុវជនសកម្ម សេវាល្អ
វគ្គបណ្តុះបណ្តាលលើកទី២ លើការសរសេរព័ត៌មាន និងផលិតវីដេអូតាមទូរសព្ទ នៅខេត្តឧត្តរមានជ័យ
× ឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ សារព័ត៌មានថ្មីៗបានផ្តល់ការបណ្ដុះបណ្ដាលលើកទី២ លើជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជនចំនួន៣០នាក់ មកពីខេត្តឧត្ដរមានជ័យ សៀមរាប និងកំពង់ធំ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការរៀបចំពីអង្គការអាក់សិនអេតប្រចាំកម្ពុជា អង្គការតម្លាភាពកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។
វគ្គបណ្តុះបណ្តាលលើកទី២ជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» មានរយៈពេល២ថ្ងៃ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វគ្គបណ្តុះបណ្តាលើលើកទី២នេះ គឺជាការរំលឹកមេរៀន និងពង្រឹងចំណេះនៃការសរសេរព័ត៌មាន ការសម្ភាស ការថតវីដេអូ និងការកាត់វីដេអូតាមទូរសព្ទដៃបន្ថែម ដល់យុវជន៣០នាក់ ដែលមកពីខេត្តឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
កញ្ញា គង់ ស្រីលាប មន្រ្តីសិទ្ធិស្រី្តនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា បានលើកទឹកចិត្តយុវជន ឱ្យយកចិត្តទុកដាក់រៀនសូត្រលើការសរសេរអត្ថបទ និងការកាត់វីដេអូតាមទូរសព្ទដៃ។ កញ្ញាសង្ឃឹមថា យុវជននឹងទទួលបានប្រើចំណេះដឹង ដែលទទួលបានក្រោយរៀនវគ្គបណ្តុះបណ្តាលលើកទី២នេះ ទៅអនុវត្តដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងសហគមន៍។
កញ្ញា គង់ ស្រីលាប មន្រ្តីសិទ្ធិស្រី្តនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា
ជាមួយគ្នានោះ លោក រ៉ម ទឿត ប្រធានកម្មវិធីរបស់អង្គការក្រុមប្រឹក្សាយុវជន ប្រចាំខេត្តឧត្តរមានជ័យ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ជាឱកាសមួយដ៏សំខាន់ ដែលសិក្ខាកាម គួរយកចិត្តទុកដាក់រៀនសូត្រ។ លោក រ៉ម ទឿត សង្ឃឹមថា ចំណេះដឹងដែលយុវជនទទួលបានបន្ថែមពីវគ្គបណ្តុះបណ្តាល នឹងរួមចំណែកជំរុញឱ្យការផ្តល់សេវាសាធារណៈក្នុងសហគមន៍របស់ពួកគេកាន់តែប្រសើរ។ លោក រ៉ម ទឿត បញ្ជាក់ដូច្នេះ៖«វាជាបទពិសោធន៍មួយ ក៏ដូចជាស្ពានមួយដែលប្អូនអាចរកការងារបានល្អ ព្រោះប្អូនទៅដាក់ការងារនៅកន្លែងណា គេសួរថាប្អូនមានបទពិសោធន៍អ្វីខ្លះ មានកម្រិតអប់រំអ្វីខ្លះ អាចកាន់កាប់ការងារនោះបានទេ? ដូច្នេះ យុវជនយើងគួរតែមានសុបិន ហើយខំសិក្សាស្រាវជ្រាវ»។
លោក រ៉ម ទឿត ប្រធានកម្មវិធីនៃអង្គការក្រុមប្រឹក្សាយុវជន(YCC) ប្រចាំខេត្តឧត្តរមានជ័យ
Tag:
ព័ត៌មាន
យុវជន
ឧត្តរមានជ័យ
អាក់សិនអេតកម្ពុជា
តម្លាភាពកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com