កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖លោក Simeone ថា ជួបក្រុមខ្លាំងដូចបិសាចក្រហម ជារឿងដ៏លំបាកមួយ
23, Feb 2022 , 3:01 pm        
រូបភាព
ក្រុម Atletico Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទីមួយនាកីឡដ្ឋាន Wanda Metropolitano វេលាម៉ោង៣ យប់ឈានចូលថ្ងៃទី២៤ខែកុម្ភៈ។


លោក Diego Simeone គ្រូបង្វឹកក្រុមបាល់ទាត់ Atletico Madrid ដាស់តឿនកូនក្រុមឱ្យខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាពពេលប្រកួតតទល់ជាមួយក្រុមខ្លាំងដូចជា Manchester United។ លោកក៏ចាត់ទុកក្រុមបិសាចក្រហមជាក្រុមដ៏ល្អបំផុតមួយក្នុងពិភពលោក។
 
មុនជំនួបពានរង្វាន់ Champions league វគ្គ១៦ក្រុមជើងទីមួយ ១៤ប្រកួតក្នុងក្របខណ្ឌ Premier League របស់បិសាចក្រហមគឺចាញ់ទើបតែ១ប្រកួតប៉ុណ្ណោះក្រោមការគ្រប់គ្រងរបស់លោក Raft Rangnick។ ទោះជាយ៉ាងនេះក្តី ក្រោយពេលក្រុមដែលស្ថិតក្នុងក្រុងម៉ាឌ្រីដបានយកឈ្នះលើក្រុម Osasuna កាលពីថ្ងៃទី១៩ ខែកុម្ភៈ ក្នុងលទ្ធផល ៣-០ លោក Simeone ចង់ឱ្យកូនក្រុមបន្តផ្តល់មេរៀនទៅកាន់ Man UTD ដូចគ្នា។
 
«យើងត្រូវជួបក្រុមខ្លាំងបំផុតមួយក្នុងពិភពលោក។ ចាប់តាំងគ្រូបង្វឹកថ្មីមកដឹកនាំគាត់បាននាំឱ្យក្រុមបិសាចក្រហមនៅ សាមគ្គីភាព ការងារជាក្រុម ការប្តេជ្ញាចិត្ត។ ការប្រកួតលើកនេះជាការប្រកួតដ៏ពិបាកបំផុតមួយសម្រាប់ Atletico Madrid របស់យើង។»លោក Simeone និយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
សម្រាប់ Atletico Madrid ១២ប្រកួតក្នុងពានរង្វាន់ Champions League ទល់នឹងក្រុមដែលមកពីអង់គ្លេស ឈ្នះ៤ប្រកួត ស្មើ៦ប្រកួត និងចាញ់២ប្រកួតចុងក្រោយ ក្រោមថ្វីជើងក្រុម Liverpool។
 
ចំណែកការប្រកួតពានរង្វាន់ Champions League មួយគូទៀតរវាងក្រុម Benfica របស់ព័រទុយហ្គល់នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Ajax Amsterdam ជើងខ្លាំងរបស់ប្រទេសហូឡង់នាកីឡដ្ឋាន Estadio da Luz វេលាម៉ោង ៣ រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ៕
 

Tag:
 UEFA Champions League
  Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com