កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស៖ រុស្ស៊ីមិនសមបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UCL
23, Feb 2022 , 7:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃទី២២ ខែកុម្ភៈអះអាងថារុស្ស៊ីមិនគួរទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ ការលើកឡើងរបស់លោក ចនសុន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់តំបន់ដាច់ចេញពីគ្នាពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ។


លោក ពូទីន នៅថ្ងៃទី២១ ខែកុម្ភៈ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្ស ដែលជាតំបន់ផ្តាច់ខ្លួនស្ថិតនៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ ការទទួលស្គាល់របស់រុស្ស៊ីលើតំបន់ទាំងពីរជារដ្ឋឯករាជ្យ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ បស្ចិមលោក និងបណ្តាប្រទេសមួយចំនួន បានចោទរុស្ស៊ីថាបំពានច្បាប់អន្តរជាតិ និងមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
អង់គ្លេសដែលស្ថិតក្នុងចំណោមប្រទេសមិនពេញចិត្តនឹងទង្វើរបស់របស់លោកពូទីន លើកឡើងថា ខ្លួននឹងពិភាក្សាអំពីទីតាំងនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើនៅទីក្រុង Saint Petersburg របស់រុស្ស៊ី ជាមួយនឹងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ដែលពាក់ព័ន្ធ។
 
នៅពេលសួរថាតើនឹងមានការជំរុញឱ្យផ្លាស់ប្តូរទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុប ឬយ៉ាងណានោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ចនសុន បានប្រាប់សមាជិកសភាថាលោកមិនយល់ទាល់តែសោះដែលការប្រកួតបាល់ទាត់អន្តរជាតិសំខាន់ៗអាចកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ក្រោយប្រទេសនេះលុកលុយប្រទេសអធិបតេយ្យមួយទៀតដោយខុសច្បាប់អន្តរជាតិ។
ដោយឡែក លោក Nadine Dorries រដ្ឋមន្ត្រី​កីឡា​​អង់គ្លេស​ក៏បានលើកឡើងដែល​ថា អង់គ្លេស​នឹង​លើក​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​បាល់ទាត់ដែលរួមមានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងទ្វីបអឺរ៉ុប (UEFA)។
 
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍កីឡាដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសរុស្ស៊ី ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ហើយខ្ញុំនឹងពិភាក្សាជាមួយស្ថាប័នគ្រប់គ្រងបាល់ទាត់ដែលពាក់ព័ន្ធ ដើម្បីប្តូរទីតាំងប្រកួតវិញ»។ លោក Dorries សរសេរលើបណ្តាញសង្គម Twitter របស់ខ្លួនដូច្នេះ មុនបន្ថែមថាលោកនឹងមិនអនុញ្ញាតឱ្យប្រធានាធិបតី ពូទីន កេងប្រវ័ញ្ចព្រឹត្តិការណ៍កីឡាពិភពលោក ដើម្បីធ្វើឱ្យស្របច្បាប់ជុំវិញការលុកលុយខុសច្បាប់របស់ខ្លួនទៅលើអ៊ុយក្រែននោះឡើយ។
 
បើតាមការគ្រោងទុក UEFA បានសម្រេច រៀបចំការប្រកួត​​វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២១-២២ នៅថ្ងៃទី២៨ ខែឧសភា នាកីឡដ្ឋាន Krestovsky ក្នុងក្រុង Saint Petersburg ប្រទេសរុស្ស៊ី៕
 

Tag:
 Champions League
  វ្ល៉ាឌីមៀ ពូទីន
  បូរីស ចនសុន
© រក្សាសិទ្ធិដោយ thmeythmey.com