ជាតិ
ពីនេះ ពីនោះ
ជប៉ុនផ្ដល់ថវិកាជិត ១,៨លានដុល្លារ សម្រាប់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្ត២
24, Feb 2022 , 8:59 pm        
រូបភាព
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពពី ស្ថានទូតជប៉ុននៅកម្ពុជា។
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពពី ស្ថានទូតជប៉ុននៅកម្ពុជា។
រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងជិត ១,៨លានដុល្លារអាមេរិក ដល់កម្ពុជា។ ជំនួយនេះ សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។



រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែកុម្ភៈ បានសម្រេចផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១ ៧៩៩ ១៦៦ ដុល្លារអាមេរិក សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងប្រទេសកម្ពុជា។ បើតាមស្ថានទូតជប៉ុននៅកម្ពុជា ជំនួយហិរញ្ញវត្ថុខាងលើនេះ សម្រាប់លើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។ 
 
តាមការចេញផ្សាយរបស់ស្ថានទូតជប៉ុននៅកម្ពុជា ជំនួយខាងលើនេះ ផ្ដល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS សម្រាប់អនុវត្តគម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការបោសសំអាតគ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែង (RSCS)ឆ្នាំទី២ ក្នុងទំហំទឹកប្រាក់ ៩០០ ៧៨៧ដុល្លារ។ ចំណែកគម្រោងទី២ ក្នុងទំហំទឹកប្រាក់ចំនួន ៨៩៨ ៣៧៩ដុល្លារ សម្រាប់អនុវត្តគម្រោង គាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នឹងការបោសសំអាតមីន នៅខេត្តបន្ទាយមានជ័យ (RSDB)ឆ្នាំទី២។ 
 
នាឱកាសចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការ JMAS លើកឡើងថា រដ្ឋាពិបាលជប៉ុន ចាត់ទុកការធ្វើការជាមួយអង្កការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជា គឺមានសារៈសំខាន់ដូចគ្នា ក្នុងការចូលរួមចំណែកកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕
 

Tag:
 ThmeyThmey25
  ជំនួយជប៉ុន
  JMAS
  RSCS
  RSDB
© រក្សាសិទ្ធិដោយ thmeythmey.com