ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីមហាផ្ទៃ ហាមមន្ត្រីរាជការ កុំឲ្យទៅបម្រើបក្ស ក្នុងម៉ោងរដ្ឋ
24, Feb 2022 , 11:29 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅមន្រ្តីរាជការស៊ីវិល កុំឲ្យយកម៉ោងបម្រើការងាររដ្ឋ ទៅបម្រើឲ្យសកម្មភាពគណបក្សណាមួយ។ ការណែនាំរបស់សម្តេចរដ្ឋមន្រ្តី ធ្វើឡើងតាមរយៈលិខិតណែនាំ ស្តីពីការសុំច្បាប់ឈប់សម្រាករបស់មន្រ្តីរាជការស៊ីវិល និងការសុំច្បាប់ឈប់ពិសេសរបស់មន្រ្តីរាជការស៊ីវិល ដែលបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ លិខិតណែនាំរបស់រដ្ឋមន្រ្តីមហាផ្ទៃ ដែលចុះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្ញើជូនទៅអភិបាលរាជធានី-ខេត្ត ។



ក្រៅពីមិនឲ្យទៅបម្រើការងារឲ្យគណបក្សនយោបាយនៅក្នុងម៉ោងធ្វើការងាររដ្ឋ សម្តេច ស ខេង ថែមទាំងណែនាំមន្រ្តីរាជការស៊ីវិល មិនឲ្យប្រើប្រាស់ថវិកា សម្ភារៈ ទីកន្លែង និង មធ្យោយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយផងដែរ។ ជាមួយគ្នានេះ សម្តេច បានដាស់តឿនមន្រ្តីរាជការស៊ីវិលទាំងអស់ ឲ្យមានអព្យាក្រឹតក្នុងសកម្មភាពការងារ ស្របតាមច្បាប់ស្តីពីការលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។ 
 
ជាងនេះទៅទៀត សម្តេចរដ្ឋមន្រ្តី ដាក់បញ្ជាថា ក្នុងរយៈពេលឃោសនាបោះឆ្នោត មន្រ្តីរាជការស៊ីវិល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ចំពោះមន្រ្តីរាជការ ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មន្រ្តីរាជការនោះ ត្រូវដាក់ពាក្យសុំឈប់ពិសេស ឲ្យបានយ៉ាងតិចមុន៧ថ្ងៃ នៃការមកដល់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ 
 
ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ រំលង១ថ្ងៃ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី៕ 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com