កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋីរុស្ស៊ី Abramovich អាចត្រូវបណ្តេញចេញពីអង់គ្លេស និងដកហូតសិទ្ធិជាម្ចាស់ក្លិប Chelsea
25, Feb 2022 , 9:29 pm        
រូបភាព
លោក Roman Abramovich អាចនឹងត្រូវដកហូតកម្មសិទ្ធិជាម្ចាស់ក្លិប Chelsea ព្រមទាំងត្រូវបានហាមឃាត់មិនឱ្យរស់នៅប្រទេសអង់គ្លេសទៀតផង ដោយសារតែការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។


មហាសេដ្ឋីប្រេងសញ្ជាតិរុស្ស៊ី​ Abramovich ដែលត្រូវបានគេរាយការណ៍ថា ស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន បានក្លាយជាម្ចាស់ Chelsea មានមូលដ្ឋាននៅក្រុងឡុងដ៏នៅឆ្នាំ ២០០៣។ ចាប់តាំងពីការវិនិយោគរបស់ Abramovich តោខៀវ​បានឈ្នះពានរង្វាន់ធំៗចំនួន១៨ រួមទាំង UEFA Champions League ពីរសម័យ។
 
ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ Abramovich បានក្លាយជាបុគ្គលល្បីឈ្មោះមួយរូបនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងជាជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិច្រើនហើយផ្លាស់ទៅរស់នៅប្រទេសអង់គ្លេសក្នុងក្រុងឡុងដ៍។ 
 
នៅដើមខែកុម្ភៈ កាសែត The Times ផ្សាយថា Abramovich មានទ្រព្យសម្បត្តិនៅអង់គ្លេសតម្លៃ២ពាន់លានដុល្លារ ខណៈទ្រព្យនៅប្រទេសរុស្ស៊ីមានតម្លៃត្រឹមជាង៥៧០លានដុល្លារប៉ុណ្ណោះ។ ដោយសារហេតុផលនេះ បានធ្វើឱ្យអ្នករិះគន់ហៅបុរស់សញ្ជាតិរុស្ស៊ីវ័យ៥៥ឆ្នាំដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងថាជាចារកិច្ចក្រុង​ឡុងដ៏។
 
យ៉ាងក៏ដោយ ក្រោយរុស្ស៊ីប្រើប្រាស់កម្លាំងទ័ពលុកលុយអ៊ុយក្រែន លោក Abramovich ដែលត្រូវបានចោទថាមានទំនាក់ទំនងជាមួយពូទីន អាចនឹងត្រូវអ្នកនយោបាយអង់គ្លេសបង្ខំចាកចេញពីអង់គ្លេស និងរឹបអូសទ្រព្យទាំងអស់ដែលមាននៅទីនោះ។
 
បើតាមការផ្សាយរបស់កាសែត Yahoo លោក Chris Bryant សមាជិកសភាអង់គ្លេសមកពីគណបក្ស​ពលករ កំពុងដឹកនាំការប្រឹងប្រែងក្នុងសភាដើម្បីទាត់លោក Abramovich ឱ្យចេញពីទីក្រុងឡុងដ៍ និងចុះពីតំណែងម្ចាស់ក្លិប Chelsea។ លោក Bryant នឹងប្រើឯកសារកាលពីឆ្នាំ២០១៩ ដែលភ្ជាប់ការចោទលោក Abramovich ធ្វើសកម្មភាពអាក្រក់។
 
លោក Bryant បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក បូរីស ចនសុន រឹបអូសទ្រព្យសម្បត្តិរបស់ Abramovich នៅអង់គ្លេស រួមទាំងក្លិប Chelsea និងក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ទាំងអស់។
 
នៅឆ្នាំ ២០២១ មហាសេដ្ឋីពាន់លានសញ្ជាតិរុស្ស៊ី វ័យ៥៥ឆ្នាំបានប្តឹងអ្នកនិពន្ធ Catherine Belton ដែលបោះពុម្ភសៀវភៅមួយក្បាលមានចំណងជើងថា «Putin's People» ហើយមានបញ្ចូលឃ្លាថា លោក Abramovich ទិញក្លិបបាល់ទាត់អង់គ្លេស Chelsea និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនតាមបង្គាប់បញ្ជារបស់លោក ពូទីន។ លោក Abramovich ចាត់ទុកការបោះពុម្ពនេះ ជាការបរិហារកេរ្តិ៍។ ករណីនេះ​បាន​ដោះស្រាយ​រួចហើយ ក្រោយក្រុមហ៊ុនបោះពុម្ពផ្សាយដ៏ល្បីរបស់អាម៉េរិក HarperCollins បានសុំទោសជាផ្លូវការ​៕
 
 

Tag:
 Chelsea
  Roman Abramovich
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com