ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាល្លឺម៉ង់ គាំទ្រលោក ប្រាក់ សុខុន ក្នុងការជួយរកផ្លូវបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា
26, Feb 2022 , 10:59 am        
រូបភាព
ជួរឆ្វេងដៃ លោក ប្រាក់ សុខុន អង្គុយនៅលេខរៀងទី២ ហើយជួរស្តាំដៃ អ្នកស្រី អាន់ណាលីណា អង្គុយនៅលេខរៀងទី២ដែរ (ទល់មុខគ្នា) ក្នុងជំនួបនៅទីក្រុងបែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
ជួរឆ្វេងដៃ លោក ប្រាក់ សុខុន អង្គុយនៅលេខរៀងទី២ ហើយជួរស្តាំដៃ អ្នកស្រី អាន់ណាលីណា អង្គុយនៅលេខរៀងទី២ដែរ (ទល់មុខគ្នា) ក្នុងជំនួបនៅទីក្រុងបែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
អ្នកស្រី អាន់ណាលីណា ប៊ែបុក (Annalena Baerbock) រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញការគាំទ្រដល់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលគ្រោងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងនាមលោកជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីជួយស្វែងមូលដ្ឋាននៃការបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា។ អ្នកស្រី បង្ហាញការគាំទ្រនេះ នៅចំពោះមុខលោក ប្រាក់ សុខុន ក្នុងឱកាសដែលលោក ទៅបំពេញទស្សនកិច្ចនៅទីក្រុងបែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

 
ខ្លឹមសារនៃជំនួបរវាងលោក ប្រាក់ សុខុន និង អ្នកស្រី អាន់ណាលីណា ត្រូវបានផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ អ្នកស្រី អាន់ណាលីណា មិនមែនគ្រាន់តែគាំទ្រលោក ប្រាក់ សុខុន ក្នុងការស្វែងរករកដំណោះស្រាយបញ្ចប់ហិង្សានោះទេ តែអ្នកស្រី គាំទ្រដល់លោក ដើម្បីលោក អាចជំរុញឲ្យមីយ៉ាន់ម៉ា អនុវត្តអនុសាសន៍ទាំង៥ចំណុចរបស់អាស៊ានតែម្តង។ 
 
អនុសាសន៍ទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
សេចក្តីប្រកាសព័ត៌មាន បានសរសេរថា៖«លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញឆន្ទៈរបស់អាល្លឺម៉ង់ ក្នុងការចូលរួមផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា»។ 
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់អាល្លឺម៉ង គឺជាដំណើទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់អាល្លឺម៉ង់ គឺនៅខែមករា ឆ្នាំ១៩៩៧។ 
 
នៅចំពោះមុខអ្នកស្រី អាន់ណាលីណា លោក ប្រាក់ សុខុន បានអរគុណអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ចាប់តាំងពីកម្ពុជា កសាងសន្តិភាពក្នុងឆ្នាំ១៩៩២មក។ លោក ក៏អរគុណអាល្លឺម៉ង់ផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងស្ថានការណ៍បច្ចុប្បន្ន ដើម្បីប្រើប្រាស់លើការទប់ស្កាត់ជំងឺកូវីដ-១៩។ អ្នកស្រី អាន់ណាលីណា ស្ងើចសរសើរចំពោះលទ្ធផល ដែលកម្ពុជា ទទួលបានក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនកម្ពុជា។ 
 
ក្រោយកម្ពុជា ទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ លោក ប្រាក់ សុខុន ត្រូវបានតែតាំងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីបំពេញបេសកកម្មដ៏លំបាក គឺស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ លោក នឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ ក្នុងខែមីនា ឆ្នាំ២០២២ តែលោក មិនទាន់កំណត់ថ្ងៃជាក់លាក់នោះទេ។ ការចូលរួមរកដំណោះស្រាយនៅមីយ៉ាន់ម៉ា គឺជាបន្ទុក និងការទទួលខុសត្រូវដ៏ធំ១របស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន៕ 
 

Tag:
 កម្ពុជា
  អាល្លឺម៉ង់
  វិបត្តិមីយ៉ាន់ម៉ា
  ប្រាក់ សុខុន
  Annalena Baerbock
© រក្សាសិទ្ធិដោយ thmeythmey.com