ជាតិ
ពីនេះ ពីនោះ
របៀបធ្វើម្ហូប«ញាំក្រូចថ្លុង»
27, Feb 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបង្កើតសៀវភៅចម្អិនម្ហូបមួយដែលមានចំណងជើងថា«The taste of Angkor» ជាភាសាអង់គ្លេស ដើម្បីលើកស្ទួយម្ហូបខ្មែរទៅកាន់ពិភពលោក។ ញាំក្រូចថ្លុងជាម្ហូបមួយមុខក្នុងចំណោមម្ហូបចំនួន៣៨ក្នុងសៀវភៅនេះ ដោយណែនាំអំពីបរិមាណនៃគ្រឿងផ្សំនិងរបៀបធ្វើផងដែរ។


 
ខាងក្រោមនេះជាបរិមាណនៃគ្រឿងផ្សំ និងរបៀបធ្វើញាំក្រូចថ្លុង ៖ បរិមាណគ្រឿងផ្សំ៖ សាច់ក្រូចថ្លុង បកជាដុំតូចៗ ចំនួន៦០០ក្រាម, បង្គា ៤០០ក្រាម,ខ្ទឹមក្រហមចិតជាចំណិតស្ដើងៗ ៨០ក្រាម, សណ្តែកដីលីង៣៥ក្រាម, ដូងកោសហើយ ៤ស្លាបព្រាកាហ្វេ, ខ្ទឹមបំពង ៤ស្លាបព្រាកាហ្វេ, ស្ករស២ស្លាបព្រាកាហ្វេ, អំបិល ២ស្លាបព្រាកាហ្វេ និងទឹកត្រីបុក១០ស្លាបព្រាកាហ្វេ។ 


 
របៀបធ្វើ៖ ដំបូងត្រូវដាំទឹកឱ្យក្តៅនិងដាក់អំបិលមួយចឹប។ ​បន្ទាប់មកដាក់បង្គាចូល ហើយរង់ចាំរហូតដល់បង្គាឡើងក្រហមទើបស្រង់ដាក់ទឹកត្រជាក់ ឬទឹកកក ដើម្បីកុំឱ្យបង្គាឆ្អិនពេករួមទាំងជួយឱ្យបង្គាមានរសជាតិឆ្ងាញ់។ 
 
ក្រោយស្រុះបង្គារួច យើងយកក្រូចថ្លុង ខ្ទឹមក្រហម ជី ដូងកោសរួចសណ្តែកដី អំបិល ស្ករ និងទឹកត្រីបុកដាក់ក្នុងចានមួយ។ បន្ទាបមកច្របល់ចូលគ្នាដោយដៃស្រាលៗ កុំឱ្យបែកសាច់ក្រូចនិងឱ្យគ្រឿងផ្សំទាំងអស់ចូលជាតិគ្នាល្អ។

អត្ថបទទាក់ទង
ក្រោយច្របល់រួច ដួសដាក់ចានមួយ ហើយដាក់បង្គាពីលើ និងរោយសណ្តែកដីពីលើជាការស្រេច។  សូមជម្រាបថា ប្រធានបទ«ម្ហូបខ្មែរ» នឹងត្រូវបានអ្នកកាទូតកម្ពុជានាំយកទៅក្នុងកម្មវិធីនានានិងក្នុងបេសកកម្មរបស់ខ្លួន លើសពីអ្វីដែលធ្លាប់បង្ហាញរួចមកហើយដូចជា៖ ផលិតផលកសិកម្មទេសចរណ៍ គោលនយោបាយវិនិយោគ និងពាណិជ្ជកម្ម ជាដើម។ កេរដំណែលស្នាដៃម្ហូបខ្មែរ ឬ TheTaste of ANGKOR គឺជាមេរៀនថ្មីមួយទៀតដែលអ្នកកាទូតកម្ពុជាត្រូវយល់ដឹងដើម្បីផ្សព្វផ្សាយ លើកកម្ពស់វប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។


 
សៀវភៅនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»ក្រោមវត្តមានរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន។
ទន្ទឹមគ្នានោះ សៀវភៅមុខម្ហូបខ្មែរ «The Taste of ANGKOR» ក៏ត្រូវបានផ្សព្វផ្សាយផងដែរ។នៅក្នុងសៀវភៅបង្ហាញអំពីមុខម្ហូប និងរបៀបចម្អិន លើកដំបូងមានមុខម្ហូបចម្បង បង្អែម និងអាហារសម្រន់ ៣៨មុខ ដែលត្រូវបានសរសេរជាភាសាអង់គ្លេស។
 
ប្រហុកខ្ទិះ អាម៉ុកត្រី ត្រីងៀតឪឡឹក ទឹកត្រីបុក ត្រប់ឆា សម្លកកូរ ឆាខ្ញី នំផ្លែអាយនំពពាយ ។ល។ ត្រូវបានបង្ហាញជាមួយនឹងរូបថតនៃមុខម្ហូបនិងបរិមាណនៃគ្រឿងផ្សំសម្រាប់ចម្អិន៕ 


ម្ហូបញាំក្រូចថ្លុង ស្រង់ចេញពីសៀវភៅមុខម្ហូបខ្មែរ «The Taste of ANGKOR»


Tag:
 ថ្មីៗ២៥
 ពីនេះពីនោះ
  ម្ហូបខ្មែរ
  The taste of Angkor
© រក្សាសិទ្ធិដោយ thmeythmey.com