កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel មិនបន្ទោស Kepa ហើយក៏មិនសោកស្តាយក្រោយចាញ់ Liverpool
28, Feb 2022 , 1:59 pm        
រូបភាព
លោក Thomas Tuchel គ្រូបង្វឹកក្លិបបាល់ទាត់ Chelsea និយាយថា លោកមិនស្តីបន្ទោសលើអ្នកចាំទី Kepa Arrizabalaga ឡើយក្រោយពេលចាញ់ក្រុម ​Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup។ ទោះរបូតពានបែបនេះ Tuchel បានអះអាងថា លោកមិនស្តាយក្រោយឡើយ។



ជំនួបរវាងក្រុម Chelsea ទល់ជាមួយក្រុម Liverpool បានបញ្ចប់ទៅក្នុងលទ្ធផល ០-០ ត្រឹម៩០នាទីដោយក្រុមទាំងពីរមិនអាចស្វែងរកគ្រាប់ស៊ុតបំប៉ោងសំណាញ់ទីបានឡើយ។ អូសបន្លាយរហូតដល់នាទីបន្ថែមម៉ោង ១៥នាទីពីរដងរួចមកក្រុមទាំងពីរក៏ឈានដល់វគ្គស៊ុតបាល់ពិន័យ១១ម៉ែត្រកាត់សេចក្តី។ អ្នកចាំទី Kepa ស៊ុតមិនចូលគ្រាប់ទី១១ ហើយក្រុមតោខៀវត្រូវរបូត។
 
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានប្តូរចូលជំនួសអ្នកចាំទី Edouard Mendy នៅក្នុងម៉ោងបន្ថែម។ ការផ្លាស់ប្តូរបែបនេះលោក Tuchel ធ្លាប់ធ្វើម្តងរួចមកហើយក្នុងជំនួបពានរង្វាន់ UEFA Super Cup រវាង Villarreal ដោយ Kepa បានជួយសង្រ្គោះក្រុមតោខៀវនឹងឈ្នះពានកាលពីខែសីហាឆ្នាំ ២០២១។
 
លោក Tuchel បានបដិសេធមិនស្តីបន្ទោសដាក់កីឡាករណាម្នាក់ឡើយ ព្រោះការស្តីបន្ទោសសមនឹងលោកជាអ្នកទទួលទៅវិញទេ។
 
«ខ្ញុំមានអារម្មណ៍អាក្រក់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនស្តីបន្ទោសនរណាម្នាក់ឡើយ ព្រោះនេះជាការសម្រេចចិត្តរបស់ខ្ញុំ គួរស្តីបន្ទោសលើរូបខ្ញុំ។ យើងធ្លាប់ធ្វើបែបនេះម្តងរួចមកហើយ ហើយ Kepa ធ្លាប់ធ្វើវាបានយ៉ាងល្អខ្ញុំមិនស្តីបន្ទោសលើគេឡើយ ហើយក៏មិនសោកសា្តយរឿងចាញ់ Liverpool ឡើយ។»លោក Tuchel និយាយប្រាប់ទូរទស្ស៍ Sky Sports បែបនេះ៕
 

Tag:
 Thomas Tuchel
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com