កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាមរុស្ស៊ីប្រើទង់ជាតិនិងភ្លេងជាតិ និងមិនឱ្យលេងក្នុងដីទៀត
28, Feb 2022 , 4:06 pm        
រូបភាព
ការប្រកួតអន្តរជាតិនានារបស់ក្រុមជម្រើសជាតិរុស្ស៊ី នឹងត្រូវបានហាមឃាត់មិនឱ្យរៀបចំនៅរុស្ស៊ីឡើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលសូម្បីតែការប្រើប្រាស់ទង់ជាតិ និងភ្លេងជាតិរុស្ស៊ី ក៏ត្រូវបានហាមឃាត់។ FIFA អនុញ្ញាតឱ្យក្រុមរុស្ស៊ីចូលរួមការប្រកួតប្រជែងនាមជាសហព័ន្ធបាល់ទាត់រុស្ស៊ី។



FIFA បានបង្កើនការដាក់សម្ពាធជាបន្តបន្ទាប់លើរុស្ស៊ី ដោយចុងក្រោយនេះ FIFA បានហាមមិនឱ្យការប្រកួតក្នុងទឹកដីរុស្ស៊ីឡើយ។ កន្លងមក ប៉ូឡូញ ស៊ុយអែត និងសាធារណរដ្ឋឆែក បានបដិសេធមិនប្រកួតក្នុងរុស្ស៊ីឡើយ។
 
មិនត្រឹមតែប៉ុណ្ណោះ UEFA ក៏បានដកកីឡដ្ឋាន Saint Petersburg ក្នុងនាមជាទីកន្លែងប្រកួតពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រចេញ ហើយប្តូរទៅកាន់ប្រទេសបារាំងវិញ។ 
«FIFA សូមបញ្ជាក់ជាថ្មីម្តងទៀតអំពីការថ្កោលទោសចំពោះបញ្ហាដែលរុស្ស៊ីបានវាយប្រហារចូលអ៊ុយក្រែន។ អំពើហិង្សាមិនមែនជាដំណោះស្រាយឡើយ ហើយ FIFA ក៏នឹងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនដែលរងផលប៉ះពាល់ក្នុងប្រទេសអ៊ុយក្រែនទាំងមូល។»FIFA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែកុម្ភៈ។
 
មិនត្រឹមតែត្រូវបានហាមឃាត់មិនឱ្យមានការប្រកួតក្នុងប្រទេស ការប្រើប្រាស់ទង់តំណាងជាតិ និងភ្លេងជាតិឡើយ FIFA ក៏បានហាមឃាត់មិនមានអ្នកគាំទ្ររុស្ស៊ីឡើយអំឡុងការប្រកួតផ្សេងៗ។ 
 
FIFA ក៏កំពុងស្វែងរកដំណោះស្រាយឱ្យក្រុមប៉ូឡូញ ស៊ុយអែត ឆែកសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2022 ជាមួយក្រុមរុស្ស៊ីផងដែរ។ ប្រទេសទាំងបីបានចោទការសម្រេចចិត្តរបស់ FIFA ថា មិនអាចទទួលយកបាន និងមិនយល់ព្រមប្រកួតជាមួយរុស្ស៊ីឡើយបើទោះបីជាក្រុមរុស្ស៊ីប្តូរឈ្មោះផ្សេងក៏ដោយ៕
 

Tag:
 FIFA
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com