កីឡាអន្តរជាតិ
អន្តរជាតិ
FINA លុបការប្រកួតហែលទឹក World Junior Championships នៅរុស្ស៊ី
28, Feb 2022 , 10:59 pm        
រូបភាព
សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA) បានប្រកាសលុបចោលកម្មវិធីប្រកួតហែលទឹក ​World Junior Championships ដែលគ្រោងធ្វើឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ីនៅខែសីហា។


ការសម្រេចលុបការប្រកួតហែលទឹកដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំពីសំណាក់សហព័ន្ធ FINA ធ្វើឡើងបន្ទាប់ពីសហព័ន្ធបានជួបពិភាក្សាគ្នាជាមួយក្រុមអត្តពលិកព្រមទាំងម្ចាស់ភាគហ៊ុនលើការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី។
 
បើតាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៧ខែកុម្ភៈ FINA បាននិយាយថា៖ « FINA នឹងមិនរៀបចំកម្មវិធីអ្វីបន្តទៀតឡើយនៅរុស្ស៊ី ប្រសិនបើវិបត្តិនៅតែបន្តធ្ងន់ធ្ងរ។»
 
កាលពីថ្ងៃទី២៥ខែកុម្ភៈ FINA បានប្រកាសលុបការប្រកួតហែលទឹកផ្នែកបុរស Polo World League នាទីក្រុង Saint Petersburg នៅខែមីនាខាងមុខដែរ ខណៈពេលការប្រកួតបង្ហាញក្បាច់ហែលទឹក Artistic Swimming និងការប្រកួតលោតក្បាច់ Diving World Series ក្នុងខែមេសា ក៏ត្រូវបានប្រកាសលុបផងដែរ។
 
សហព័ន្ធកីឡាហែលទឹកអូស្ត្រាលីបានសរសើរចំពោះការសម្រេចចិត្តពីសំណាក់ FINA ។ អូស្រ្តាលីក៏ប្រកាសថា នឹងមិនបញ្ជូនកីឡាកររបស់ខ្លួនទៅរុស្ស៊ីឡើយ។
 
«កីឡាហែលទឹកប្រចាំអូស្ត្រាលីថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលរុស្ស៊ីទៅលើអ៊ុយក្រែនដោយកម្លាំងកងទ័ព។ អូស្ត្រាលីក៏នឹងធ្វើពហិការមិនទៅប្រកួតក្នុងប្រទេសរុស្ស៊ីផងដែរ ក្រោមហេតុផលដើម្បីការពារសុវត្ថិភាពផងដែរ។» សហព័ន្ធកីឡាហែលទឹកអូស្ត្រាលីលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន៕
 

Tag:
 FINA
  Swimming
  World Junior Championships
© រក្សាសិទ្ធិដោយ thmeythmey.com